កម្ពុជា ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាល ឡាវ ថ្វាយព្រះមហាក្សត្រ កម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Linkham DOOUANGSAVNH នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាមភ្នំតាម៉ៅ ។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពិធីប្រគល់-ទទួលដំរីមួយគូថ្ងៃនេះ គឺមានអត្ថន័យជ្រាលជ្រៅនៃប្រទេសទាំងពីរ ហើយវត្តមានប្រតិភូជាន់ខ្ពស់ បង្ហាញពីមិត្តភាពកម្រិតខ្ពស់ កិច្ចសហការល្អ និងក្នុងនាមអ្នកជិតខាងល្អ។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សត្វដំរីបានឆ្លាក់នៅលើជញ្ជាំងប្រាសាទអង្គរវត្ត បាយ័ន និងប្រាសាទនានា ដែលកាលសម័យបុរាណបុព្វបុរសខ្មែរ បានយកសត្វដំរីមកប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូន ការធ្វើដំណើរ និងការធ្វើសង្គ្រាមជាដើម ។

ឯកឧត្តម ឌិត ទីណា បានសង្កត់បញ្ជាក់ថា បច្ចុប្បន្នសត្វដំរីត្រូវបានទទួលរងការគម្រាមកំហែង ចាំបាច់ត្រូវធ្វើការ ការពារ ថែរក្សា ហើយរដ្ឋាភិបាលកម្ពុជាបង្កើត និងលើកកម្ពស់សត្វដំរីព្រៃ ដោយក្នុងនោះការបង្កើតកម្មវិធីភ្លុកដំរី និងយុទ្ធសាស្ត្រនានាជាមួយដៃគូនានាក្នុងការការពារ និងអភិរក្សដំរី។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាវ ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានប្រគល់ដំរីមួយគូនេះ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលនេះជាការបើកទំព័រចំណងមិត្តភាពល្អបន្ថែមទៀត ក្នុងការអភិរក្ស និងការពារសត្វព្រៃ សត្វដំរី ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសវិស័យកសិកម្មឱ្យកាន់តែល្អប្រសើរ ។

សូមជម្រាបជូនថា បន្ទាប់ពីទស្សនកិច្ចផ្លូវរដ្ឋ នៅ កម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤កន្លងមកនេះ ឯកឧត្តម Thongloun SISOULITH ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ (ញីមួយ និងឈ្មោលមួយ) ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ កម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តីសោមនស្សជាអនេកទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត នៅឧទ្យានសួនសត្វព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner