ចំនួនអ្នកស្លាប់កើនជាង ៣០០នាក់ ក្នុងគ្រោះទឹកជំនន់នៅអាហ្វហ្កានីស្ថាន
កាប៊ុល៖ ក្រសួងជនភៀសខ្លួនដែលគ្រប់គ្រងដោយតាលីបង់បាននិយាយនៅថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថានមានចំនួន ៣១៥នាក់ និងមនុស្សជាង ១,៦០០នាក់ទៀតរងរបួស។
ចំនួនអ្នកស្លាប់កើនដល់ ៣១៥នាក់ ត្រូវបានប្រកាសឱ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញ មួយថ្ងៃបន្ទាប់ពីកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ (WFP) បាននិយាយថា មនុស្សជាង ៣០០នាក់បានស្លាប់ និងជាច្រើននាក់ទៀតនៅតែបន្តបាត់ខ្លួន ខណៈអាជ្ញាធរកំពុងព្យាយាមជួយសង្គ្រោះអ្នករបួស។

WFP បានបញ្ជាក់ថា ខេត្តដែលរងគ្រោះខ្លាំងជាងគេ គឺខេត្តBaghlan ជាកន្លែងដែលផ្ទះសម្បែងជាង ១,០០០ខ្នងត្រូវបានបំផ្លាញ។ អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បានបង្ហោះសារនៅលើបណ្តាញសង្គមកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ក្រៅពីខេត្តBaghlan ខេត្ត Badakhshan នៅភាគឦសាន, ភាគកណ្តាលខេត្ត Ghor និងភាគខាងលិចខេត្ត Herat ក៏រងផលប៉ះពាល់ខ្លាំងផងដែរ ដែលបានបណ្តាលឱ្យការខាតបង់ផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រសប្តាហ៍មុន បណ្តាលឱ្យទឹកទន្លេជន់ឡើងហូរហៀរ នាំមកនូវភក់ហូរកាត់ភូមិ និងពាសពេញដីកសិកម្ម នៅក្នុងខេត្តមួយចំនួនរបស់ប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភព៖ Aljazeera ប្រែសម្រួលដោយ៖ ឈឹម ទីណា