Microsoft និង Amazon គ្រោងចាយរាប់ពាន់លានដុល្លារក្នុងវិស័យបច្ចេកវិទ្យាបារាំង
ប៉ារីស. ក្រុមហ៊ុន Microsoft នៅថ្ងៃអាទិត្យទី១២ ខែឧសភា បានប្រកាសពីការវិនិយោគជាង ៤ពាន់លានដុល្លារ សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនៅក្នុងប្រទេសបារាំង ដោយចូលរួមជាមួយក្រុមហ៊ុន Amazon ក្នុងការប្តេជ្ញាចិត្តសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យារបស់ប្រទេសអឺរ៉ុបនេះ។
ការប្រកាសរបស់ក្រុមហ៊ុន Microsoft នេះ ធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំងលើកទី៧ ដែលមានគោលបំណងទាក់ទាញវិនិយោគិនបរទេសមកកាន់ប្រទេសអឺរ៉ុបមួយនេះ។ ប្រធានក្រុមហ៊ុន Microsoft លោក Brad Smith បានប្រាប់កាសែត AFP ថា ការវិនិយោគនេះ គឺដើម្បីពង្រឹងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងហេដ្ឋារចនាសម្ព័ន្ធ Cloud ដែលជាការវិនិយោគដ៏ធំបំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងប្រទេសបារាំង ចាប់តាំងពី ៤១ឆ្នាំមុន។

ការិយាល័យរបស់ប្រធានាធិបតីបារាំងបានបញ្ជាក់នាពេលថ្មីៗនេះថា ក្រៅពី Microsoft ក្រុមហ៊ុន Amazon ក៏គ្រោងនឹងបោះទុនវិនិយោគជាង ១ពាន់លានដុល្លារនៅក្នុងប្រទេសបារាំងផងដែរ ដោយបង្កើតការងារដល់បុគ្គលិកជាង ៣,០០០នាក់។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ការវិនិយោគនេះ នឹងជួយអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ Cloud របស់ក្រុមហ៊ុន Amazon Web Services (AWS), បញ្ញាសិប្បនិម្មិត AI និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៃសេវាកម្មដឹកជញ្ជូនទំនិញរបស់ខ្លួន។ មជ្ឈមណ្ឌលទិន្នន័យថ្មីមួយ នឹងត្រូវបង្កើតឡើងនៅភាគខាងកើតប្រទេសបារាំង ខណៈដែលទីតាំងដែលមានស្រាប់នៅក្នុងតំបន់នៃទីក្រុងប៉ារីស និងទីក្រុងម៉ាកសី ភាគខាងត្បូងក៏នឹងត្រូវពង្រីកបន្ថែមផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗរបស់អាមេរិកបានប្រកាសរួចហើយ អំពីការបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ២,០០០នាក់នៅប្រទេសបារាំងនៅឆ្នាំ២០២៤ ដែលនឹងជួយបង្កើនចំនួនកម្លាំងពលកម្មនៅក្នុងប្រទេសបារាំងកើនឡើងដល់ ២៤,០០០នាក់ នៅត្រឹមចុងឆ្នាំ២០២៤នេះ ដែលភាគច្រើននៅក្នុងមជ្ឈមណ្ឌលដឹកជញ្ជូនរបស់ខ្លួន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា