ទេសរដ្ឋមន្ត្រី អៀង មូលី ផ្តល់អនុសាសន៍មួយចំនួន ដល់ក្រុមការងារ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបើកកិច្ចប្រជុំ និងបានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រុមការង នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍របស់ក្រសួងសុខាភិបាល ដែលដឹកនាំដោយឯកឧត្តម អ៊ឹង ភីរុន ប្រធានគណៈកម្មាធិការប្រយុទ្ធក្រសួងសុខាភិបាល ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើផ្នែកសុខាភិបាល នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិ បានបញ្ជាក់ពីតួនាទីភារកិច្ចរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ស្របតាមអនុក្រឹត្យលេខ ១០៩ ផងដែរ។

ឯកឧត្តមប្រធានអង្គប្រជុំ បានអនុញ្ញាតិឱ្យមានការបង្ហាញ រូមមាន៖ បទបង្ហាញ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ សម្រាប់ក្រសួង ស្ថាប័ន ដោយបង្ហាញសង្ខេប ពីគោលនយោបាយជាតិ ដែលមានគោលបំណង ១)- សម្រេចទប់ស្កាត់ការឆ្លងថ្មីឱ្យបានក្រោមមួយករណីក្នុងមួយថ្ងៃឬជាង២០០នាក់ក្នុងមួយឆ្នាំ, ២)- សម្រេចទប់ស្កាត់ការស្លាប់ដោយសារអេដស៍ឱ្យបានក្រោម២០០នាក់ក្នុងមួយឆ្នាំ, ៣)- បំបាត់ការរើសអើង និងមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ឱ្យអស់ពីសង្គមកម្ពុជា និងដោយវិធានចំនួន ៥៨ សម្រាប់អនុវត្ត ។ បទបង្ហាញ ការគ្រប់គ្រង និងការឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យសុខាភិបាល ពីសមិទ្ធផលបានកន្លងមកដូចជា៖ ៣/៥ ក្នុងឆ្នាំ២០០៥ MDG ក្នុងឆ្នាំ២០១០ គោលដៅ៩០-៩០-៩០ ក្នុងឆ្នាំ២០១៧ ព្រមការសម្រេចបាននូវ ៨៦-៩៩-៩៨ (គោលដៅ៩៥-៩៥-៩៥) ក្នុងឆ្នាំ២០២២។ ចំណែកការព្យាបាល លើអ្នកផ្ទុកមេរោគអេដស៍បានប្រមាណជា ៦៨ ៥០០នាក់ រហូតដល់ចុងឆ្នាំ២០២៣នេះ និងបានបង្ហាញពីការកើនឡើង នូវអត្រាប្រេវ៉ាឡង់ជំងឺកាមរោគជាពិសេសលើក្រុមចំណោមក្រុមប្រជាជនគន្លឹះ និងបង្ហាញនូវបទអន្តរាគមន៍គន្លឹះនានា នៃការបង្ការ និងបទអន្តរាគមន៍គន្លឹះនានានៃការថែទាំ និងព្យាបាលជំងឺអេដស៍ព្រមទាំងបញ្ហាប្រឈមមួយចំនួន។

បទបង្ហាញ ស្តីពីឋាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដូចជា៖ សារបាន និងបុព្វហេតុនៃការឆ្លើយតបនឹងមេរោគអេដស៍ ការចូលរួមហិរញ្ញប្បទានពីប្រភពនានា និងការកំណត់អាទិភាពនៃបញ្ហានានា ព្រមទាំងបង្ហាញពីការរួមបញ្ចូលគ្នាប្រកបដោយឋាមវ័ន្ត។ វិធាននៃការសម្របសម្រួលក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅសម្រេចបាន នូវគោលដៅនៃការឆ្លើយតបនឹងមេរោគអេដស៍ ។
 
ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ និងផ្តល់អនុសាសន៍ដល់កិច្ចប្រជុំមួយចំនួនដល់ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែងចូលរួម ក្នុងការអនុវត្តការឆ្លើយតប នឹងមេរោគអេដស៍ ដោយសម្រេចបាននូវគោលដៅចំនួន ២ ក្នុងចំណោមគោលដៅ៩៥ ទាំងបី ។ ប្រសិនបើមានវិធីសាស្រ្ត ក្នុងការប្រមូលនានាឱ្យបានគ្រប់ជ្រុងជ្រោយ យើងសង្ឃឹមថា នឹងសម្រេចបាននូវគោលដៅទាំងបី។ ករណីដែលយើង ត្រូវពិចារណា ដូចជា៖ ការព្យាបាលលើកុមារផ្ទុកមេរោគអេដស៍ យើងសម្រេចបានប្រមាណជា ៦០ ភាគរយ តែប៉ុណ្ណោះ។ ចំណែកការអត្រាចម្លងពីម្តាយទៅកូន មានអត្រាប្រមាណជា ៩ ភាគរយ។ ត្រូវបញ្ចូលការឆ្លើយតបនឹងមេរោគអេដស៍ ទៅក្នុងប្រព័ន្ធជាតិសុខាភិបាលតែមួយ ដោយឱ្យគ្រប់មន្ទីរពេទ្យ ទាំងអស់ អាចស្វែរកព្យាបាល និងថែទាំជំងឹអេដស៍។ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន ជាសេនាធិការតាមវិស័យរបស់អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍។ អាជ្ញាធរប្រយុទ្ធនឹងជំងឺអេដស៍ មានកញ្ចប់ថវិកាដោយឡែករបស់ខ្លួន ដោយគ្រាន់តែភ្ជាប់ឧបសម្ព័ន្ធថវិកា ជាមួយនឹងក្រសួងសុខាភិបាល ដោយយោងតាមច្បាប់កំណត់ ។ ដាក់ឱ្យពិភាក្សានូវវិធានការនានានៃវិស័យសុខាភិបាល នៅក្នុងគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ ដែលរួមមាន៖ ពង្រឹងប្រព័ន្ធឆ្លើយតបជាពហុវិស័ (៥វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីបង្ការ (៩វិធានការ) ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីថែទាំនិងព្យាបាល (៧វិធានការ) ពង្រីក ពង្រឹង និងពន្លឿនកម្មវិធីគាំពារសង្គម (៣វិធានការ) បញ្ចប់ការរើសអើងនិងមាក់ងាយ (៣វិធានការ) ចលនាធនធាន (៤វិធានការ) ពង្រឹងប្រសិទ្ធភាពប្រព័ន្ធតាមដាន និងវាយតម្លៃ (៨វិធានការ)។ ត្រូវរកវិធានច្បាប់ ដើម្បីឱ្យគ្លីនិកឯកជនផ្តល់នូវរបាយការណ៍ឆ្លើយតបនឹងមេរោគអេដស៍ និងត្រូវរកវិធានការនានា ក្នុងការកាត់បន្ថយគម្លាត ក្នុងការអនុវត្តផែនការសកម្មភាពថវិកាឆ្លើយតបនឹងមេរោគអេដស៍ ក្នុងវិស័យសុខាភិបាល ៕

ប្រភព ៖ វណ្ណលុក
ប្រភព ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner