ត្រឹម៤ខែ ក្រុមហ៊ុនផលិតឈីបតៃវ៉ាន់រកចំណូលបានជាង ៧ពាន់លានដុល្លារ កើនជិត ៦០ភាគរយ
តៃប៉ិុ៖ ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ TSMC បានប្រកាសថ្មីៗនេះថា ប្រាក់ចំណូលប្រចាំខែមេសារបស់ខ្លួន មានចំនួន ៧.២ពាន់លានដុល្លារ កើនឡើងចំនួន ៥៩.៦ភាគរយ ដោយសារតែកំណើនតម្រូវការឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ ដែលប្រើនៅក្នុងផ្នែក AI Hardware។

ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ បានគ្រប់គ្រងទីផ្សារបន្ទះឈីប ច្រើនជាងពាក់កណ្តាលនៃទិន្នផលរបស់ពិភពលោក ហើយផ្គត់ផ្គង់វាដើម្បីបំពាក់ទៅលើឧបករណ៍គ្រប់យ៉ាង គិតចាប់ពីទូរស័ព្ទ iPhones របស់ Apple រហូតដល់ AI Hardware របស់ក្រុមហ៊ុន Nvidia។ ភាពជោគជ័យដ៏អស្ចារ្យនៃកម្មវិធី ChatGPT របស់ក្រុមហ៊ុន OpenAI បានជំរុញឱ្យមានតម្រូវការខ្ពស់ផ្នែកបញ្ញាសិប្បនិម្មិត AI នៅជុំវិញពិភពលោក សម្រាប់បន្ទះឈីបទំនើប ដែលត្រូវការដើម្បីបណ្តុះបណ្តាល និងដំណើរការសេវាកម្ម AI។
TSMC គ្របដណ្តប់លើឧស្សាហកម្មបន្ទះឈីបសកល ហើយរោងចក្រផលិតភាគច្រើនមានមូលដ្ឋាននៅតៃវ៉ាន់។ ប៉ុន្តែក្រុមហ៊ុន TSMC បានប្រកាសកាលពីខែមេសា អំពីផែនការសាងសង់រោងចក្រទី៣ នៅសហរដ្ឋអាមេរិក ដោយបង្កើនការវិនិយោគរបស់ខ្លួនសរុបកើនឡើងដល់ ៦៥ពាន់លានដុល្លារ។ ប៉ុន្តែគម្រោងនៅសហរដ្ឋអាមេរិកបានប្រឈមមុខនឹងឧបសគ្គកាលពីឆ្នាំមុន ដោយសារកង្វះធនធានមនុស្ស ពីព្រោះការផលិតបន្ទះឈីបទាមទារជំនាញឯកទេសខ្ពស់។
នៅក្នុងឆ្នាំ២០២៤នេះដែរ TSMC ក៏បានបើកដំណើរការរោងចក្រថ្មីមួយ ដែលមានតម្លៃ ៨.៦ពាន់លានដុល្លារនៅលើកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ហើយ TSMC ក៏កំពុងរៀបចំគម្រោងសាងសង់រោងចក្រនៅជប៉ុនមួយផ្សេងទៀត នៅទីក្រុង Kumamoto ដើម្បីផលិតបន្ទះឈីបកម្រិតខ្ពស់បន្ថែមទៀត។
គួរបញ្ជាក់ថា ក្រុមហ៊ុន TSMC បាននិយាយកាលពីខែមុនថា ប្រាក់ចំណូលក្នុងត្រីមាសទីមួយ ឆ្នាំ២០២៤នេះ មានចំនួន ១៨.៨៧ពាន់លានដុល្លារ កើនឡើងចំនួន ១៣ភាគរយ ហើយរំពឹងថា នឹងកើនឡើងចំនួន ២៧.៦ភាគរយនៅក្នុងត្រីមាសទីពីរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា