NOCC បន្តបណ្តុះបណ្តាលដល់គណៈកម្មាធិការប្រត្តិបត្តិដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព
(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអូឡាំពិកកម្ពុជា ( NOCC) នាព្រឹកថ្ងៃទី១៣ ខែ ឧសភា ឆ្នាំ២០២៤ បានធ្វើបទឧទ្ទេសនាម បង្ហាញអំពីរចនាសម្ព័ន្ធគ្រប់គ្រងរបស់IOC រចនាសម្ព័ន្ធរបស់IF និង រចនាសម្ព័ន្ធNOC ដល់មន្រ្តីគណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី៤ហើយ ដែលឯកឧត្តម បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្តធ្វើបទបង្ហាញ ឧទ្ទេសនាមទៅលើគោលការណ៍រចនាសម្ព័ន្ធនៃការដឹកសំខាន់ៗនៃចលនាអូឡាំពិក ដែលជាប្រធានបទនិងមូលបទសំខាន់ៗធ្វើការបង្ហាញទៅកាន់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រតិបត្តិ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានឱ្យយល់ដឹង និងបានជ្រោជ្រាបអំពីព័ត៌មាន និងបច្ចុប្បន្នភាពថ្មីៗ ដែលជាការវិវឌ្ឍរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ។

ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានពន្យល់ទៀតថា បទបង្ហាញឧទ្ទេសនាមលើកទី៤នេះ មានគោលបំណងបណ្តុះបណ្តាលមន្រ្តីគណៈកម្មាធិការប្រតិបត្តិ និងថ្នាក់នាំអគ្គលេខាធិការដ្ឋាន ដើម្បីនាំយកទៅចែករំលែកដល់សហព័ន្ធកីឡាជាតិយល់ដឹកកាន់តែច្បាស់អំពីរចនាសម្ព័ន្ធដឹកនាំរបស់អូឡាំកអន្តរជាតិក៏ដូចជាសហព័ន្ធអន្តរជាតិផងដែរ ។

សូមបញ្ជាក់ បទបង្ហាញឧទ្ទេសនាម អំពីរចនាសម្ព័ន្ធចលនាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា គ្រោងរៀបចំចំនួន២លើកបន្ថែមទៀត ដែលនឹងបន្តធ្វើបទឧទ្ទេសនាម ពាក់ព័ន្ធនិងរចនាសម្ព័ន្ធការដឹកនាំរបស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ក្រុមប្រឹក្សាស៊ីហ្គេម និងចុងក្រោយធ្វើបានឧទ្ទេសនាម ពាក់ព័ន្ធការគ្រប់គ្រងចលនាអូឡាំពិក រចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាជាតិ និងអាជ្ញាធរកីឡាចាតិនៅក្នុងប្រទេស ដើម្បីជាបញ្ជ្រាបជាព័ត៌មាន និងចំណេះដឹងសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាអ្នកចូលរួម អំពីយន្តការនៃការងារជាការធានបាននូវប្រសិទ្ធិភាពការងារដោយអនុឡោមតាមគោលការណ៍ណែនាំរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ៕
រូបភាព ៖មជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ