អភិបាលខណ្ឌឫស្សីកែវ ប្រកាសឲ្យប្រជាពលរដ្ឋជួយរក្សាសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍ ដែលកំពុងកើតមានបច្ចុប្បន្ន និងកើតចេញពីគោលនយោបាយចតុកោណតំណាក់កាលទី១ ដល់តំណាក់កាលទី៤ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រយៈពេលជាង២០ចុងក្រោយនេះ បានធ្វើឲ្យមានការជំរុញកំណើនសេដ្ឋកិច្ច៧% ត្រូវបានគេចាត់ទុកជាខ្លាសេដ្ឋកិច្ចនៅអាស៊ី សម្រាប់កម្ពុជា។

ក្រៅពីប្រកាសឲ្យប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍបន្តទៀត លោក ជា ពិសី បានគូសបញ្ជាក់ថា ប្ចុប្បន្ននេះកម្ពុជា ជាប្រទេសមួយ ដែលមានកំណើនសេដ្ឋកិច្ចលើប្រាក់ចំណូលមធ្យមកម្រិតទាប ដល់ឆ្នាំ២០៣០ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងរហូតដល់ឆ្នាំ២០៥០ កម្ពុជានឹងអាចប្រែក្លាយទៅជាប្រទេសមួយមានប្រាក់ចំណូលកម្រិតខ្ពស់ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

លោកអភិបាលខណ្ឌ បន្តថា សុខសន្តិភាព និងការអភិវឌ្ឍបច្ចុប្បន្ន រហូតគេចាត់ទុកកម្ពុជា ថាជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន គឺបានយកអាយុជីវិតរបស់លោកផ្ទាល់ទៅធ្វើជាដើមទុន ក្នុងការចូលរួមចលនារំដោះជាតិ «បង្កើតរណសេសាមគ្គីសង្គ្រោះជាតិកម្ពុជា» លើកទី១នៅថ្ងៃ៧ មករា ១៩៧៩ ដោយស្ថិតក្នុងការស្វែងរកសន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ និងឯកភាពជាតិទាំងស្រុងនៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ជាលើកទី២។

ការប្រកាសយ៉ាងដូច្នេះរបស់លោក ជា ពិសី បានធ្វើឡើងក្នុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធនានា ដើម្បីចូលរួមសហការជាមួយសមាគមបញ្ញវ័ន្ដយុវជនក្រុម១២ ដែលជាក្រុមស្នូលរបស់គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោកអនុប្រធាន ជឹម ភត្រា តំណាងឲ្យប្រធាន លោក ទ្រី ត្រាយ ក្នុងការពាំនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលជាអំណោយសប្បុរសធម៌ ក្រោមការកៀរគរបរិច្ចាគពីសប្បុរសជននានា តាមរយៈលោកស្រី ជីម៊ី មកដល់លោកស្រី អាន ផល្លា ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ មកឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រី ជាពិសេសចាស់ៗជរា មកពីតាមបណ្ដាមូលដ្ឋានសង្កាត់ទាំង៧ ដោយក្នុង១គ្រួសារអង្ករ២០គីឡូ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រី១យួរ និងមានបាយពិសារផងដែរ រួមជាមួយថវិកា៤ម៉ឺនរៀលស្មើៗគ្នា ចំនួន១០០គ្រួសារ ស្ថិតនៅក្បែរអគារ៣ស្ថាប័ន ក្នុងភូមិទួលថ្ងាន់ សង្កាត់ទទួលសង្កែទី១ ខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ។

ជាកិច្ចស្វាគមន៌ក្នុងកម្មវិធីមនុស្សធម៌នេះ លោក ជឹម ភត្រា អនុប្រធានសមាគមបញ្ញវ័ន្ដយុវជនក្រុម១២ តំណាងឲ្យលោក ប្រធានសមាគម ទ្រី ត្រាយ បានលើកឡើងថា ក្រៅពីការនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដែលបានមកពីការបរិច្ចាគពីសប្បុរសជននានា ដើម្បីមកចូលរួមឧបត្ថម្ភចែករំលែកជាមួយប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះ និងចាស់ជរា «សមាគមបញ្ញវន្ដយុវជនក្រុម១២» ដែលជាក្រុមស្នូលរបស់ គណបក្សប្រជាជនកម្ពុជា មានការវិវឌ្ឍក្នុងការជួយទៅដល់បងប្អូនកងទ័ព ផងដែរ និងកម្មករ កម្មការិនី តាមរោងចក្រទៀតផង។

ឆ្លៀតនាឱកាសនេះ លោក ជា ពិសី តំណាងឲ្យប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ «សមាគមបញ្ញវន្ដយុវជនក្រុម១២» ដែលមានទឹកចិត្តសប្បុរសធម៌ ដែលមិនអាចកាត់ថ្លៃបាន ក្នុងការកៀរគរសប្បុរសជនមកពីទីជិតឆ្ងាយ នាំយកមកនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋ កំពុងជួបបញ្ហាខ្វះខាតក្នុងជីវភាពរស់នៅនាពេលនេះ៕ធ.ដ

ដោយៈ ហាស់ កំសាន្ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner