ជំងឺសរសៃឈាមបេះដូងសម្លាប់ប្រជាជនអឺរ៉ុប ១ម៉ឺននាក់ក្នុងមួយថ្ងៃ ឬ ៤លាននាក់ក្នុងមួយឆ្នាំ
ព្រុចសែល៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃពុធនេះ បានឱ្យដឹងថា ជំងឺសរសៃឈាមបេះដូងបានរ៉ាប់រងការស្លាប់រហូតដល់ ៤០ភាគរយនៅអឺរ៉ុប ដែលស្មើនឹងជាង ១០,០០០នាក់ក្នុងមួយថ្ងៃ ឬ៤លាននាក់ក្នុងមួយឆ្នាំ ជំរុញឱ្យប្រជាជនអឺរ៉ុបកាត់បន្ថយការទទួលទានអំបិល។
លោក Hans Kluge ដែលជានាយកសាខាប្រចាំតំបន់អឺរ៉ុបនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអនុវត្តគោលនយោបាយ ដើម្បីកាត់បន្ថយការទទួលទានអំបិលចំនួន ២៥ភាគរយ អាចជួយសង្គ្រោះជីវិតមនុស្សប្រហែល ៩០០,០០០នាក់ពីជំងឺសរសៃឈាមបេះដូងនៅឆ្នាំ២០៣០។ នៅទ្វីបអឺរ៉ុប មនុស្សពេញវ័យម្នាក់ក្នុងចំណោមបីនាក់ដែលមានអាយុចន្លោះពី ៣០ ទៅ ៧៩ឆ្នាំ ទទួលរងការគំរាមកំហែងពីជំងឺលើសឈាម ដែលជារឿយៗដោយសារតែការទទួលទានអំបិល។
ប្រជាជនប្រទេសចំនួន៥១ ក្នុងចំនោមប្រទេសចំនួន៥៣ នៅក្នុងទ្វីបអឺរ៉ុប ដែលជាសមាជិករបស់អង្គការសុខភាពពិភពលោក បានទទួលទានអំបិលប្រចាំថ្ងៃជាមធ្យមលើសពីចំនួនអតិបរមា ដែលបានណែនាំរបស់អង្គការសុខភាពពិភពលោក ត្រឹមចំនួន ៥ក្រាម ឬមួយស្លាបព្រាកាហ្វេ ការប្រើលើសកម្រិតនេះភាគច្រើនលើអាហារកែច្នៃ និងអាហារសម្រន់។ WHO បានបញ្ជាក់ថា ការទទួលទានអំបិលខ្ពស់បានបង្កើនសម្ពាធឈាម ដែលជាកត្តាហានិភ័យឈានមុខគេ បង្កជាជំងឺសរសៃឈាមបេះដូង មានដូចជាគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។ អឺរ៉ុបមានអត្រាប្រេវ៉ាឡង់សម្ពាធឈាមខ្ពស់បំផុតក្នុងពិភពលោក។
យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អឺរ៉ុប បានឱ្យដឹងថា ការស្លាប់របស់បុរសដោយសារជំងឺសរសៃឈាមបេះដូងច្រើនជាងស្ត្រីស្ទើរតែ ២.៥ដង។ រីឯការស្លាប់ក្នុងអាយុចាប់ពី ៣០ ទៅ ៦៩ឆ្នាំដោយសារជំងឺសរសៃឈាមបេះដូង កើនឡើងជិត ៥ដងនៅអឺរ៉ុបខាងកើត និងអាស៊ីកណ្តាល បើធៀបនឹងអឺរ៉ុបខាងលិច៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា


