យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នឹងចាប់ ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃ
ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងថា៖ ការរផ្សព្វ ផ្សាយ និង យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី ៤ នេះ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ សរុប ៨ថ្ងៃដោយក្នុងនោះគណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយ គណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ចំនួន ៥ មានសិទ្ធិធ្វើការ ឃោសនារកសំឡេងឆ្នោត ។
គួរបញ្ជាក់ថា៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយខ្លឹមសារសំខាន់ ចំនួន៤ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ដែលក្នុងនោះមានដូចជា៖ ការឃោសនាបោះឆ្នោត, ពាក្យបណ្តឹងទាក់ទងនឹងការឃោសនាបោះឆ្នោត, ការរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោត និង ក្រមសីលធម៌របស់គណបក្សនយោបាយក្នុងដំណើរការឃោសនាបោះឆ្នោត។
ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានថ្លែងថា៖ ក្នុងការរផ្សព្វផ្សាយនិង យុទ្ធនា ការ ឃោសនា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ នេះគណៈបក្ស នីមួយៗអាចផ្សព្វផ្សាយតាមរលកអាកាស ឬការឃោសនាតាមឧបករណ៍បំពងសំឡេង ឬ តាមរយៈការចាក់ផ្សាយកាសែតវីដេអូ ឬវីស៊ីឌី ឬឌីវីឌី តាមសាធារណៈ ឬទីធ្លាសាធា រណៈសកម្មភាពបិទផ្សាយនូវបដាពាក្យស្លោក ឬកម្មវិធីនយោបាយ ឬរូបភាពឃោសនា បោះឆ្នោតនានាសកម្មភាពចែកចាយខិត្តបណ្ណគណបក្សនយោបាយ សកម្មភាពចែក ចាយ ស្លាកសញ្ញាគណបក្សនយោបាយ ឬមូក សម្លៀកបំពាក់ សម្ភារ ផ្សេងៗទៀត។ ក្រៅពីនេះមានការរៀបចំជាក្បួន មានបិទបដា ភ្ជាប់នឹងរថយន្ត ទោចក្រយានយន្ត ត្រីចក្រយានយន្ត ឬជលយានគ្រប់ ប្រភេទ និងមានការចាក់ផ្សាយដោយ ឧបករណ៍ បំពងសំឡេងចំនួនអ្នកចូលរួមមានចាប់ពី ២០នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬប្រើប្រាស់យាន ជំនិះតាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត ដែលមាន៖ រថយន្តចាប់ពី ២គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រ យាន យន្តចាប់ពី ១០គ្រឿងឡើងទៅ។
ឯកឧត្តម យិច សមិទ្ធិបានបន្តឱ្យដឹងថា គណបក្សនយោបាយដែលបានចុះបញ្ជី ឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត អាចហែក្បួនព្យុហយាត្រា ឬក្បួន ដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅមណ្ឌលរាជធានី ខេត្តបាន យ៉ាងច្រើន ២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។ ការហែក្បួន ឃោសនាបោះ ឆ្នោត ឆ្លងរាជធានី ខេត្ត មិនត្រូវបានអនុញ្ញាតឡើយ។
ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប បានថ្លែងដោយបញ្ជាក់បន្ថែមថា៖ក្នុងករណី មាន ការបំពានច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធី និងសេចក្តីណែនាំផ្សេងៗរបស់ គ.ជ.ប ជនណាក៏ដោយដែលរងឥទ្ធិពល ឬដែលស្ថិតនៅកន្លែងកើតហេតុ ឬតំណាងមានសិទ្ធិ ដាក់ពាក្យបណ្ដឹងមក គធ.ខប ក្នុងរយៈពេល ៣ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃកើតហេតុ។
ដោយឡែកទាក់ទិនក្នុងរឿង ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេល ឃោសនាបោះឆ្នោតវិញត្រូវបានឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប លើកឡើងថា៖រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានសម្រេចបង្កើតគណៈបញ្ជា ការ សន្តិសុខ អចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ហៅកាត់ថា “គ.ស.អ” បានបង្កើតក្រុមការងារសន្តិសុខឱ្យមានប្រសិទ្ធភាពខ្ពស់ និង បានរៀបចំ កម្លាំង ការពារយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ ផងដែរ។ គោលដៅការពារការឃោសនាបោះឆ្នោត គឺស្ថិតនៅទាំង ២៥ រាជធានី ខេត្ត រយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ហើយកម្លាំងដែលត្រូវប្រើប្រាស់មាន ចំនួនសរុប ១៥.៧២៤នាក់ ៕
ដោយ៖ ម៉ាដេប៉ូ
រូបភាព៖ លោក រិន រចនា


