ក្រសួងរៀបចំដែនដី នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយ អូស្ត្រាលី លុបបំបាត់ទាំងស្រុង ការប្រើប្រាស់សារធាតុអាសបេស្តុស ក្នុងវិស័យសំណង់ និងសហការរៀបចំទីក្រុង

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលអូស្រ្តាលី ក្នុងការលុបបំបាត់ទាំងស្រុងនូវការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងវិស័យសំណង់ និងសហការបន្ថែមផងដែរលើវិស័យផ្សេងទៀត ពិសេសការតាក់តែងបទដ្ឋានគតិយុត្តក្នុងវិស័យសំណង់ និងការចែករំលែកបទពិសោធន៍របស់អូស្ត្រាលី ក្នុងការរៀបចំទីក្រុងដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងបែបនេះ ក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយប្រតិភូភ្នាក់ងារ Australia Asbestos and Silica Safety and Eradication (ASSEA) ដឹកនាំដោយ ឯកឧត្តម Pablo Kang ភារធារី នៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។

ឯកឧត្តម Pablo Kang មានបំណងចង់ដឹងអំពីផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្នុងការគ្រប់គ្រង និងលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុស (Asbestos) ក្នុងវិស័យសំណង់ និងបានអបអរសាទរដែលរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបញ្ឈប់ការប្រើប្រាស់សារធាតុអាសបេស្តុសក្នុងឆ្នាំ២០២៥ ខាងមុខនេះ។ សារធាតុអាសបេស្តុសនេះ បានបង្កមហន្តរាយជាច្រើនដល់អ្នកប្រើប្រាស់ ពិសេសគឺបង្កជំងឺមហារីកផ្លូវដង្ហើមក្នុងរយៈពេលវែង និងជាឃាតករលាក់មុខដែលបានសម្លាប់ប្រជាជនជាច្រើននាក់។

ឯកឧត្តម បានបញ្ជាក់ថា ប្រសិនបើអូស្ត្រាលី បានគិតគូរវែងឆ្ងាយតាំងពីដំបូងនោះអូស្រា្តលី នឹងមិនចាំបាច់ចំណាយថវិការាប់ពាន់លានដុល្លារដើម្បីលុបបំបាត់ការប្រើប្រាស់សារធាតុនេះក្នុងពេលបច្ចុប្បន្នឡើយ ពិសេសនឹងបានជួយជីវិតមនុស្សជាច្រើននាក់ផងដែរ។ នៅលើពិភពលោកមានប្រទេសចំនួន ៦៩ ដែលបានហាមឃាត់ការនាំចូលទាំងស្រុងនូវសារធាតុអាសបេស្តុស ប៉ុន្តែជាអកុសល នៅមានបណ្តាប្រទេសមួយចំនួនដែលមិនទាន់មានផែនការហាមឃាត់ ឬលុបបំបាត់នៅឡើយ។

ឯកឧត្តម បានចង្អុលបង្ហាញឱ្យភ្នាក់ងារ ASSEA ជាភ្នាក់ងារជំនាញដែលអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងស្ថាប័នពាក់ព័ន្ធ យល់ដឹងកាន់តែស៊ីជម្រៅអំពីផលប៉ះពាល់របស់សារធាតុអាសបេស្តុស ដើម្បីឈានទៅដល់ការលុបបំបាត់ការប្រើប្រាស់សារធាតុនេះទាំងស្រុង។ ការលុបបំបាត់ការប្រើប្រាស់សារធាតុអាសបេស្តុសនេះ ត្រូវការការចូលរួមពីស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសគួរតែមានស្ថាប័នណាមួយដឹកនាំធ្វើកិច្ចការងារនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងពិនិត្យមើលការរៀបចំបទដ្ឋានបច្ចេកទេសស្តង់ដារសំណង់ដើម្បីឱ្យសមស្របនឹងការវិវត្តរបស់វិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចការងារជាច្រើនដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីផលប៉ះពាល់របស់សារធាតុអាសបេស្តុស។

កម្ពុជាបានប្រែក្លាយពីប្រទេសដែលធ្លាប់តែផ្តោតលើការកាត់បន្ថយភាពក្រីក្រ ការងារយេនឌ័រ និងបម្រែបម្រួលអាកាសធាតុ ទៅជាប្រទេសមួយដែលប្រជាជនកំពុងផ្តោតការចាប់អារម្មណ៍លើគុណភាពនៃជីវិត និងការលើកកម្ពស់សុខមាលភាពសាធារណៈ។

ដូច្នេះដើម្បីចូលរួមលុបបំបាត់ និងបញ្ជ្រាបការយល់ដឹងអំពីសារធាតុអាសបេស្តុស ក្រសួងនឹងរៀបចំផែនការចំនួន ៣គឺ៖ លើកកម្ពស់ការយល់ដឹងជាសាធារណៈ, រៀបចំសិក្ខាសាលាផ្សព្វផ្សាយ, និងដឹកនាំកិច្ចប្រជុំជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធដូចជាក្រសួងពាណិជ្ជកម្ម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីសហការលើការងារនេះ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner