២ថ្ងៃទៀត ការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរ លើកទី២ នឹងមកឈានដល់

ភ្នំពេញ៖ នៅតែ ២ថ្ងៃទៀតប៉ុណ្ណោះ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន សម្រាប់ បង្រៀន នៅអនុវិទ្យាល័យ សម្រាប់វិញ្ញាសាសរសេរលើកទី២ នឹងមកឈានដល់ ។ នៅ មុន ពេលការប្រឡងនីមួយៗ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង តែងតែដឹកនាំកិច្ចប្រជុំធ្វើ វឌ្ឍនភាពការងារ និងជម្រះមន្ទិល ឬបញ្ហាប្រឈមនានា ឆ្ពោះទៅកាន់ការប្រឡង ប្រជែងនីមួយៗ។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំដើម្បីធ្វើវឌ្ឍនភាពត្រូវបានប្រព្រឹត្តទៅ ដោយមានការ អញ្ជើញ ចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ដែលជា ប្រធាន អនុប្រធាន និងសមាជិក នៃគណៈកម្មការ និងអនុគណៈកម្មការការប្រឡង ប្រជែង ជ្រើសរើសគ្រូបង្រៀន នៅអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២។

ស្របពេលជាមួយនឹងការធ្វើរបាយការណ៍វឌ្ឍនភាព អង្គប្រជុំក៏បានចែករំលែកនូវ មតិយោបល់ប្រហាក់ប្រហែលគ្នាថា កន្លងមកគណៈកម្មការរៀបចំការប្រឡងប្រជែង ក៏ដូចជាក្រុមការងារនៃក្រសួងមុខងារសាធារណៈ បានអនុវត្តការងារយ៉ាងល្អិតល្អន់ និងទទួលបានការសាទរ ពីប្រជាពលរដ្ឋ ជាពិសេសបេក្ខជន និងអាណាព្យាបាល ដែលបានចូលរួមប្រឡងប្រជែង ស្របនឹងគោលការណ៍ថ្មីនេះ។

ទោះបីជាយើងមានការគិតគូរល្អិតល្អន់យ៉ាងណាក៏ដោយ បញ្ហាប្រឈមនានាតែងតែ កើតឡើងចំពោះមុខ ជាពិសេសការប្រឡងលើកចុងក្រោយនេះ ដែលមានបរិមាណ បេក្ខជន ចូលរួមយ៉ាងច្រើនដែលយើងមិនធ្លាប់ជួបប្រទះ ធ្វើឱ្យយើងជួបបញ្ហា ប្រឈម ដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ដូច្នេះលទ្ធផលនៃកិច្ចប្រជុំនេះ មានសារៈ សំខាន់ ចំពោះការងារឆ្ពោះទៅមុខ ទៅលើការរៀបចំប្រឡងប្រជែងលើកទី២ ក្នុងការ ប្រឡង ប្រជែងជ្រើសរើសបេក្ខជនចំនួន ៤៤១នាក់ ឱ្យចូលបង្រៀន នៅអនុវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងក្រុមការងារ បច្ចេកទេសទាំងអស់ ដែលមាននៅក្នុងគណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ប្រកបដោយសាមគ្គីភាព និងការសហការគ្នាបានល្អប្រសើររវាងក្រុមការងារ ដែលបានធ្វើឱ្យដំណើរការប្រឡងសម្រាំងលើកទី១ កាលពីថ្ងៃទី២ ដល់ទី៥ ខែឧសភា ឆ្នាំ២០២៤ កន្លងមក ដែលមានបេក្ខជនសរុប ៣៣ ៣១៤នាក់ ដោយទទួលបាន សម្រាំងបេក្ខជនចំនួន ១ ៣៧៩នាក់ សម្រាប់ប្រឡងវិញ្ញាសាសរសេរលើទី២ បានបញ្ចប់ដោយរលូន ដូចការគ្រោងទុក។

ឯកឧត្តមក៏បាន ថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះកិច្ចសហការនាពេលកន្លងមក ជាពិសេសការចែករំលែកនូវបទពិសោធក្នុងការគាំទ្រការរៀបចំដំណើរការប្រឡងមួយនេះ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner