សម្តេចតេជោបដិសេធការចោទថា គម្រោងព្រែកជីកហ៊្វូណនតេជោ គឺជាគំរោងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់របស់ចិន (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានបដិសេធការចោទប្រកាន់ពីមជ្ឈដ្ឋានបរទេស ដែលនិយាយថា គម្រោងព្រែកជីកហ៊្វូណនតេជោ ដែលកម្ពុជាត្រៀមសាងសង់ខាងមុខនេះ គឺជាគំរោងរបស់ប្រទេសចិន ក្នុងយុទ្ធសាស្ត្រផ្លូវ និងខ្សែក្រវាត់។

គម្រោងសំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ដែលកម្ពុជាត្រៀមនឹងកសាងជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ បានរងនឹងការវាយប្រហាររិះគន់ពីសំណាក់មនុស្សមួយចំនួន ដោយការផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងបំណងរារាំងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិខ្មែរនេះ មិនឱ្យសម្រេចបានឡើយ។

សម្តេចតេជោ ហ៊ុន សែន ក្នុងសារមួយថ្លែងតាមប្រព័ន្ធវីដេអូ ថ្ងៃទី១៦ឧសភាបានបដិសេធជុំវិញការផ្សាយចោទប្រកាន់គ្មានការពិត របស់ការផ្សព្វផ្សាយរបស់កាសែតបរទេសមួយចំនួន។

សម្តេចតេជោបានថ្លែងថាគម្រោងសាងសង់ព្រែកជីកហ្វូណន-តេជោ គឺដើម្បីបម្រើប្រយោជន៍សេដ្ឋកិច្ច កាត់បន្ថយចំណាយដឹកជញ្ជូន, ការជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ សម្រាប់ការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងភាពឯករាជ្យនយោបាយលើការដឹកជញ្ជូន។

គម្រោងព្រែកជីកហ៊្វូណនតេជោ ប្រវែង១៨០គីឡូម៉ែត្រនេះ មិនមែនជាការជីកថ្មីទាំងអស់ទេ ដោយក្នុងនោះ មានផ្លូវទឹកចាស់១៣៥គីឡូម៉ែត្រ ដែលជាផ្លូវទឹកធម្មជាតិរួចទៅហើយ ដោយកម្ពុជាខ្លួនឯងគ្រាន់តែពង្រីកបន្ថែមតែប៉ុណ្ណោះ។

ប៉ុន្តែក្រុមធ្វើនយោបាយប្រឆាំងបាននិយាយផ្សព្វផ្សាយទាំងបំពានថា សំណង់ព្រែកជីកហ៊្វូណនតេជោ គឺជាគម្រោងច្រកផ្លូវទឹកសម្រាប់បំរើផលប្រយោជន៍ ដល់កងទ័ពរបស់ប្រទេសចិន។ សម្តេចតេជោបានចាត់ទុកការផ្សព្វផ្សាយនេះ គឺជាភាពឆោតល្ងង់មួយ ដែលគ្មានការយល់ដឹងអំពីវិស័យការពារជាតិឡើយ។

សម្តេចតេជោបានព្រមានដល់ក្រុមធ្វើនយោបាយប្រឆាំង និងប្រាប់ទៅក្រុមដែលបន្តចោទប្រកាន់លើបញ្ហាព្រែកជីកហ៊្វូណនតេជោថា «សូមបញ្ឈប់ទៅនូវនយោបាយប្រឆាំងចិន ដែលយកកម្ពុជាធ្វើជាក្របខណ្ឌភូមិសាស្ត្រនយោបាយ ដោយតំរង់ឆ្ពោះទៅរកការប្រឆាំងចិន ដោយផ្សារភ្ជាប់ព្រែកនេះជាមួយនឹងកង្វល់សន្តិសុខវៀតណាម ក្នុងពេលដែលទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា និងទំនាក់ទំនងវៀតណាម និងចិន កំពុងមានទំនាក់ទំនងល្អជាមួយគ្នា ក្នុងបច្ចុប្បន្ននេះ។

កម្ពុជាគ្រោងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោនាពាក់កណ្តាលឆ្នាំ២០២៤ ប៉ុន្តែបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ការបើកការដ្ឋានសាងសង់នឹងអាចធ្វើនាចុងឆ្នាំ២០២៤ ឬបើយ៉ាងយូរបំផុត គឺនៅក្នុងឆ្នាំ២០២៥។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងជំរុញឱ្យដំណើរការបើកការដ្ឋាន ត្រូវធ្វើឱ្យបានលឿនតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ads banner