ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម
ស្វាយរៀង៖ ឯកឧត្តម ពេជ សោភ័ណ រដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដែលមានចូលរួមពីលោក មុត ចិន្តា ប្រធានវិទ្យាស្ថាន និងលោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងលោកគ្រូ អ្នកគ្រូ និងអ្នកដែលពាក់ពន្ធ័ជាច្រើននាក់ផងដែរ។
ឯកឧត្តម ពេជ សោភ័ណ បានបន្តទៀតថា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា បាននាំនូវស្ថេរភាពនយោបាយ និងសន្តិភាពទាំងស្រុងនៅទូទាំងប្រទេស ដែលជាកត្តាមូលដ្ឋានធ្វើឲ្យវិនិយោគទាំងក្នុង និងក្រៅប្រទេសមានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កើតឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋទៀតផង។ ឯកឧត្តមបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើងទ្វេដងក្នុងរយៈពេល១០ឆ្នាំ(១៩៩៤-២០០៤) និងកើនឡើង៣ដងក្នុងរយៈពេល១៥ឆ្នាំ(១៩៩៤-២០០៩) ហើយនៅឆ្នាំ២០១២កំណើនសេដ្ឋកិច្ចបានកើនឡើងរហូតដល់៧,៣% ជាមួយនឹងផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ កើនឡើងពី៧៦០ដុល្លារនៅឆ្នាំ២០០៨ ដល់១៥៦៣ដុល្លារ នៅឆ្នាំំ២០១៨។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានផ្តាំផ្ញើរដល់គណៈគ្រប់គ្រង បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបំពេញតួនាទីជាថ្នាក់ដឹកនាំ មិនមែនអ្នកគ្រប់គ្រងត្រូវតែជាអ្នកណែនាំ ជាអ្នកការពារ និងទទួលខុសត្រូវមិនមែនចាំតែបញ្ជាចង្អុលនោះទេ។ មួយវិញទៀតមិនត្រូវធ្វើការដោយមើលលើប្រយោជន៍បុគ្គល ឬគ្រួសារបក្សពួកនោះទេ ត្រូវសម្លឹងពីឱកាស និងមានការរៀបចំចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រឲ្យបានត្រឹមត្រូវក្នុងការពង្រឹង និងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន។
ឯកឧត្តម ពេជ សោភ័ណ បន្តទៀតថា ត្រូវមានតម្លាភាពលើការអនុវត្តការងារ ដោយមានការវាយតម្លៃជាប្រចាំ ទាំងថ្នាក់ដឹកនាំ និងបុគ្គលិក ហើយត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាបណ្តុះបណ្តាលឲ្យបានល្អ និងមានគុណភាពប្រកប ដោយវិជ្ជាជីវៈខ្ពស់ ដែលនឹងនាំមកនូវកិត្តិយស កេរ្តិ៍ឈ្មោះរបស់វិទ្យាស្ថានយើង។ ត្រូវខិតខំអនុវត្តន៍ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងសាលាខេត្តស្វាយរៀងផងដែរ៕ធ.ដ