ក្រុមហ៊ុន Daejoo KC Group ប្ដេជ្ញារួមចំណែកពង្រីកទំនាក់ទំនងពាណិជ្ជកម្មកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើន
ភ្នំពេញ៖លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានបញ្ជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀត នឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា និងបន្តវិនិយោគ ក៏ដូចជាពង្រីកវិនិយោគបន្ថែម នៅកម្ពុជា។ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោក Joo-Bong, Park បញ្ជាក់ដូច្នេះ ក្នុងឳកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកនិងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។
លោកប្រធានក្រុមហ៊ុន ជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្មរបស់ក្រុមហ៊ុន Daejoo KC Group ដែលកំពុងមានប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបង្គុំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិកដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោងចក្ររបស់ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េដែរ។
លោកប្រធានក្រុមហ៊ុន បន្តថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះបណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។ បន្ថែមលើនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងនូវក្តីរីករាយ និងអបអរសាទរ ដែលសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ហើយតាមរយៈកម្រិតទំនាក់ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូរ៉េជាច្រើនទៀតនឹងស្វែងយល់ពីសក្តានុពលនៅកម្ពុជា និងបន្តវិនិយោគ ក៏ដូចជាពង្រីកវិនិយោគបន្ថែម នៅព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារជាមួយលោកប្រធានក្រុមហ៊ុន និងសហការី និងអរគុណចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាល វិស្វករកម្ពុជាលើផ្នែកយានយន្ត។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ដោយក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ “កូរ៉េបូកមួយ” តាមរយៈការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិតនៅក្នុងស្រុក។
មុននឹងបញ្ចប់ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពក្នុងការពង្រីកនូវខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ និងផ្គត់ផ្គង់ផលិតផល នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀតផងដែរ ។
សូមជម្រាបថា Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលមានប្រតិបត្តិការអាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿងបម្លាស់រថយន្ត សំណង់ និងឧស្សាហកម្មថាមពល ។ Daejoo KC Group ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរ ដោយបានផ្តល់នូវ សេវាកម្មថែទាំ និងផ្លាស់ប្តូរគ្រឿងបន្លាស់រថយន្តម៉ាកHyundai ៕
ដោយៈវណ្ណលុក





