គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ជិត១០០នាក់ ចុះធ្វើរដ្ឋបាល ឃាត់ខ្លួនជន សង្ស័យប្រើប្រាស់ថ្នាំញៀនប្រុសស្រី១៨នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន
ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រើវិធានការក្ដៅ ដើម្បីដឹកនាំកម្លាំងចម្រុះចុះធ្វើរដ្ឋបាលជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបង្កាទប់ស្កាត់ រក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ ហើយជាបឋមឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យដែលអាចជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់ រហូតដល់ទៅចំនួន១៨នាក់ (ស្រី៣នាក់) ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន។
ក្នុងប្រតិបត្តិការក្ដៅរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ខាងលើនេះ បានអនុវត្តន៍ឡើងក្រោមការចូលរួមពីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័ជុំនាញចំណុះរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីកងកម្លាំងដែលពាក់ព័ន្ធសរុបប្រមាណជា១០០នាក់ កាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។
នៅក្នុងប្រតិបត្តិការក្ដៅនៃកិច្ចសហការល្អ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ នៅយប់មិញនេះ បើតាមការបញ្ជាក់ពីលោក ជា ពិសី គឺបានអនុវត្តឡើងយោងតាមស្មារតីក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ហើយជាបឋមនៅក្នុងកិច្ចសហការនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានសម្រេចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដែលអាចជាប់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន១៨នាក់ (ស្រី៣នាក់) ដកហូតមធ្យោបាយធ្វើសកម្មភាពមាន ម៉ូតូនិងកង់៤គ្រឿង ដែកនិងកាំបិត០៣ដើម និងថ្នាំញៀន ចំនួន៧កញ្ចប់ ជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
លោក ជា ពិសី បានបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលក្នុងការបង្កាទប់ស្កាត់ រក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧នេះដែររួមមាន៖
១-សង្កាត់ស្វាយប៉ាក ឃាត់ខ្លួន០២នាក់ (ស្រី០១នាក់) ម៉ូតូ០២គ្រឿង បញ្ជូនទៅប៉ុស្តិ៍សង្កាត់។
២-សង្កាត់ច្រាំងចម្រេះទី១ ឃាត់ខ្លួន០១នាក់ (ប្រុស) បញ្ជូនទៅប៉ុស្តិ៍សង្កាត់។
៣-សង្កាត់ច្រាំងចម្រេះទី២ ឃាត់ខ្លួន ០១នាក់ (ប្រុស) ម៉ូតូ០១គ្រឿង បញ្ជូនទៅប៉ុស្តិ៍សង្កាត់។
៤-សង្កាត់គ.ម៦ ឃាត់ខ្លួន០១នាក់ (ប្រុស) គ្រឿងញៀនពណ៌សថ្លា ០៤កញ្ចប់តូច កង់០១គ្រឿង កាំបិត០១ ដែកកេស០១ បញ្ជូនទៅប៉ុស្តិ៍សង្កាត់។
៥-សង្កាត់ទួលសង្កែ១ ឃាត់ខ្លួន ១៣នាក់ (ស្រី០២នាក់) គ្រឿងញៀនពណ៌សថ្លា ០៣កញ្ចប់តូចកាំបិត០២ដើម ឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន បញ្ជូនទៅប៉ុស្តិ៍សង្កាត់។ រីឯសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែ២ ពុំមាន អ្វីគួរឲ្យកត់សម្គាល់៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ