អភិបាលខណ្ឌឫស្សីកែវ បើកកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ ដើម្បីឆ្លើយតបផែនការសាលារាជធានីភ្នំពេញ
ភ្នំពេញ៖ របៀបវារៈសំខាន់ៗចំនួន៦ បានដាក់ចេញដើម្បីជជែកវែកញែករកដំណោះស្រាយឲ្យបានល្អប្រសើរ និងឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបតាមផែនការពីសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង សំដៅធ្វើយ៉ាងណាលើការអនុវត្តន៍តម្រូវការចាំបាច់ផ្សេងៗ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
នេះបើតាមការលើកឡើងរបស់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ នៅសាលាខណ្ឌ នាថ្ងៃ ១៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញនេះ។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍ខាលើនេះ មានការអញ្ជើញចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការរងអាវុធហត្ថខណ្ឌ និងយោធភូមិភាគពិសេសខណ្ឌ លោកនាយក លោកនាយករងរដ្ឋបាលខណ្ឌ ប្រធាន អនុប្រធានតាមបណ្ដាការិយាល័យជុំនាញចំណុះរដ្ឋបាលខណ្ឌ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំសប្តាហ៍នេះ លោក ជា ពិសី បានដាក់ចេញនូវផែនការដែលត្រូវបន្តអនុវត្តឲ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមផែនការរបស់សាលារាជធានីភ្នំពេញ មានចំនួន៦របៀបវារៈ រួមមាន៖
១-វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ត។
២-ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាល្បែងស៊ីសង និងគ្រឿងញៀនក្នុងមូលដ្ឋាន។
៣-វឌ្ឍនភាពការអភិវឌ្ឍព្រែកអូវែង និងច្រាំងទន្លេសាប។
៤-ការងារសំណង់ខុសច្បាស់ ខុសលក្ខណៈបច្ចេកទេស និងដេប៉ូខ្សាច់ក្នុងមូលដ្ឋាន។
៥-ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការកាត់ស្លាកផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ និងខុសលក្ខណៈបច្ចេកទេស។
៦-ការបញ្ជៀសរថយន្តធំៗចូលក្រុងខុសម៉ោងកំណត់ ជាពិសេសរថយន្តដឹកដី ដឹកខ្សាច់ ដឹកស៊ីម៉ង់ត៍៕ល៕ធ.ដ
ដោយ ហាស់ កំសាន្ដ