ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ៖ ទោះបីរកឃើញឧទ្ធម្ភាគចក្រប្រធានាធិបតីអ៊ីរ៉ង់ តែមិនមានសញ្ញានៃអ្នករស់រានមានជីវិតទេ
តេហេរ៉ង់៖ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា ក្រុមជួយសង្គ្រោះនៅភាគពាយព្យប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃចន្ទនេះ បានរកឃើញឧទ្ធម្ភាគចក្រដែលដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi រួមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបហើយ ប៉ុន្តែគិតមកទល់ពេលនេះ មិនមានសញ្ញាណាមួយបង្ហាញថា ពួកគេនៅរស់រានមានជីវិតនោះទេ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៊ីរ៉ង់ ជាមួយអាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យទី១៩ ខែឧសភា ដើម្បីចូលរួមសម្ពោធទំនប់ទឹកមួយកន្លែង ជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។

ក្រោយមក ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ឧទ្ធម្ភាគចក្រនោះបានធ្លាប់ ហើយឧទ្ធម្ភាគចក្រនេះបានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Raisi, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian, អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ប្រចាំខេត្ត East Azerbaijan បានធ្លាក់។
ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ជាបឋមថា ឧទ្ធម្ភាគចក្រនេះទំនងជាធ្លាក់ដោយសារតែបញ្ហាអាកាសធាតុអាក្រក់ និងអ័ព្ទខ្លាំងពេក៕





ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា