Breaking : ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ប្រកាសថា ប្រធានាធិបតីអ៊ីរ៉ង់ និងមន្រ្តីអមដំណើរបានស្លាប់ទាំងអស់ ក្រោយហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ

តេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានប្រកាសថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានស្លាប់ហើយ នៅក្នុងថ្ងៃចន្ទនេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់គាត់បានធ្លាក់ នៅពេលហោះឆ្លងកាត់តំបន់ព្រៃភ្នំមួយ ស្ថិតនៅក្បែរតំបន់ព្រំដែនជាមួយអាស៊ែបៃហ្សង់។

ទីភ្នាក់ងារព័ត៌មានអ៊ីរ៉ង់ Mehr News បញ្ជាក់មុននេះបន្តិចថា ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានទទួលមរណភាពហើយក្នុងហេតុការណ៍ធ្លាក់យន្តហោះកាលពីថ្ងៃអាទិត្យទី១៩ ខែឧសភា ខណៈដែលអ្នករួមដំណើរទាំងអស់ជាមួយលោកក៏បានបាត់បង់ជីវិតផងដែរ រួមទាំងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Abdollahian។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA បានឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលត្រូវបានគេរាយការណ៍ថាធ្លាក់ បានដឹកប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian អភិបាលខេត្ត East Azerbaijan លោក Malek Rahmati និងលោក Ayatollah Mohammad Ali Ale-Hashem ជាតំណាងរបស់មេដឹកនាំកំពូលអ៉ីរ៉ង់ លោក Ayatollah Ali Khamenei ប្រចាំខេត្ត East Azerbaijan។

លោក Raisi និងក្រុមមន្ត្រីអមដំណើររូបលោកបានធ្វើដំណើរត្រឡប់មកពីធ្វើ ទស្សនកិច្ចនៅឯតំបន់ព្រំដែនអ៉ីរ៉ង់ជាមួយ អាស៊ែបៃហ្សង់កាលពីថ្ងៃអាទិត្យ ដើម្បីចូលរួមសម្ពោធ ទំនប់ទឹកមួយកន្លែងជាមួយប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ IRNA បានឱ្យដឹងទៀតថា ឧទ្ធម្ភាគចក្រដែលលោក Raisi ជិះគឺជាឧទ្ធម្ភាគចក្រប្រភេទ Bell 212 ផលិតដោយសហរដ្ឋអាមេរិក រីឯមូលហេតុធ្លាក់ត្រូវបានអះអាងជាបឋមថា មកពីអាកាសធាតុអាក្រក់៕

ប្រភព៖ AFP និង Reuters ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner