ប្រជាពលរដ្ឋជួបការលំបាក ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម ទទួលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា
(កំពង់ចាម)៖ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងសហការី រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រៃឈរ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋ ៥គ្រួសារ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម នាថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០២៤ ។
ទី១ ៖ លោកយាយ ម៉ៅ ថុល មានកូន ៣នាក់ ដែលនៅរស់រានមានជីវិត គឺកូនស្រីទី១ឈ្មោះ សូត្រ ធឿន អាយុ ៧៤ឆ្នាំ (មានពិការភាពភ្នែក ដូចដែលសាធារណជនបានឃើញ កំពុងដឹកដៃគ្នាក្នុងបណ្តាញសង្គម TikTok), កូនប្រុសទី២ ឈ្មោះ សូត្រ គីន អាយុ ៧២ឆ្នាំ (មានគ្រួសាររស់នៅដាច់ដោយឡែក) និងកូនស្រីទី៣ ឈ្មោះ សូត្រ ធន អាយុ ៦៥ឆ្នាំ ដែលនៅមើលថែទាំលោកយាយជាម្តាយ និងបងស្រីពិការភ្នែក។

ទី២ ៖ យុវតី បុប្ផា រស់នៅជាមួយម្តាយជាស្ត្រីមេម៉ាយឈ្មោះ គឿន ស្រីនាង អាយុ ៤៨ឆ្នាំ ប្រកបរបរដើរគោះអង្រ្កង បេះត្រកួន និងរកក្តាមខ្យង ដើម្បីបរិភោគ។ ដោយសារតែម្តាយត្រូវចេញពីផ្ទះដូចនេះ យុវតី បុប្ផា រស់នៅពឹងផ្អែកលើម្តាយមីងជាស្ត្រីមេម៉ាយមានកូន ៣នាក់ ដែលរស់នៅក្បែរខាងនោះ ជួយមើលថែទាំយកអាសាផងដែរ។
ទី៣ ៖ លោកយាយ ចិន ស្រ៊ុន អាយុ ៨៨ឆ្នាំ កំពុងរស់នៅជាមួយកូនស្រីម្នាក់ជាស្ត្រីមេម៉ាយ និងចៅប្រុស១។
ទី៤ ៖ កូនប្រុសរបស់លោកយាយមានឈ្មោះថា ស៊ិន សុខជា អាយុ ៥២ឆ្នាំ ជាកម្មករអនាម័យនៅមន្ទីរពេទ្យ មានប្រពន្ធនិងកូនស្រី ២នាក់ រស់នៅផ្ទះដាច់ដោយឡែក។

ទី៥ ៖ លោក ចន ធី អាយុ ៥៨ឆ្នាំ ប្រជាការពារ រស់នៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលមានកូនសុទ្ធតែមានពិការភាពក្រិះក្រិនដោយសារកត្តាហ្សែនឪពុកម្តាយ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសូមផ្តាំផ្ញើថែទាំសុខភាពឱ្យបានល្អ រស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន ដើម្បីជៀសផុតពីជំងឺនានា និងកាត់បន្ថយការចំណាយក្នុងគ្រួសារ ។

ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានផ្តាំផ្ញើដល់គ្រួសារដែលមានកូនក្នុងបន្ទុក បើទោះបីជាស្ថានភាពគ្រួសារជួបការលំបាកយ៉ាងណា ក៏ត្រូវជំរុញកូនឱ្យបានទៅសិក្សារៀនសូត្រគ្រប់ៗគ្នា ក៏ដូចជាការរៀនសូត្រពីជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈផ្សេងៗ សម្រាប់អភិវឌ្ឍខ្លួនឱ្យមានសមត្ថភាព មានការងារធ្វើ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ ៕

ដោយ / គ្រី សម្បត្តិ