ជិះម៉ូតូលឿនដល់ផ្លូវកោង ជ្រុលទៅបុកខឿនដួលរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់ បានជិះម៉ូតូម្នាក់ឯងយ៉ាងលឿន ចុះតាមផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យជ្រុលទៅបុកនឹងខឿនរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះភ្លាមៗ កាលពីវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បុរសរងគ្រោះមានឈ្មោះ សុខ ពិសិដ្ឋ អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះ៩ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះខាងលើ បានជិះម៉ូតូ ម៉ាក ហុងដាClick ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GV-9302 តែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ចុះតាមផ្លូវក្រោមស្ពានអាកាសស្ទឹងមានជ័យ ដោយមិនបង្អង់ល្បឿន ព្រមទាំងផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតទៅបុកនិងខឿនស្ពាន បណ្ដាលឲ្យដួលរងរបួសធ្ងន់។ ភ្លាមៗប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ច និងទាក់ទងទៅរថយន្តសាមុយចុះមកជួយដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យ១ បានយកសម្ភាររបស់ជនរងគ្រោះរក្សាទុក មានដូចជា៖ កាបូបលុយមានលុយជិត700$ ខ្សែកមួយខ្សែ ទូរសព្ទ២គ្រឿង កុំព្យូទ័រយួរដៃ១គ្រឿង និងម៉ូតូមួយគ្រឿង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យ១ រង់ចាំប្រគល់ជូនម្ចាស់ដើមវិញ៕ធ.ដ