យន្តហោះឥណ្ឌា បុកកុក កវែង Flamingos ងាប់រាប់សិបក្បាល
យន្តហោះដឹកអ្នកដំណើរមួយគ្រឿង ពេលហោះមកដល់រដ្ឋធានី បុមបៃ របស់ប្រទេសឥណ្ឌា បានបុកនឹងហ្វូងសត្វកុកករវែង Flamingos បណ្តាលឲ្យងាប់ រាប់សិបក្បាល។ នេះបើតាមសេចក្តីរាយការណ៍ ពីអ្នកជំនាញសត្វព្រៃ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃអង្គារ។
កាសែត Hindustan Times បានរាយការណ៍ថា យ៉ាងហោចណាស់ សត្វស្លាបចំណាកស្រុកប្រភេទនេះ ចំនួន៣៦ ក្បាល បានងាប់ ប៉ុន្តែ អ្នកជំនាញសត្វព្រៃ បារម្ភថា ចំនួនដែលបានងាប់ អាចមានច្រើនជាងនេះ។
បើតាម លោក Pawan Sharma មន្ត្រីអង្គការក្រៅរដ្ឋាភិបាល Resqink ដែលផ្តោតលើការកាត់បន្ថយជម្លោះរវាងមនុស្ស និងសត្វព្រៃ បានប្រាប់ថា អង្គការរបស់លោកបានទទួលការហៅទូរស័ព្ទ ជាច្រើនដង កាលពីល្ងាចថ្ងៃចន្ទ ខណៈដែលគ្រោងឆ្អឹងរបស់សត្វស្លាបនេះ បានជ្រុះពេញដី។
យន្តហោះជួបហេតុការណ៍ ជាប្រភេទ Boeing 777 របស់ក្រុមហ៊ុន Emirates។ យ៉ាងណាមិញ យន្តហោះបានចុះចតដោយសុវត្ថិភាព ហើយអ្នកដំណើរ និងបុគ្គលិកលើយន្តហោះ មានសុវត្ថិភាព ប៉ុន្តែ នឹងមានការការស៊ើបអង្កេតបន្ថែមទៀត។ នេះបើតាមគេហទំព័រ Times of India។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌាបានឱ្យដឹងថា អាកាសយានដ្ឋាន នៅទីក្រុង Mumbai បានកត់ត្រាពីករណីយន្តហោះបុកបក្សីជាង ៦០០លើក ចាប់ពីខែមករា ឆ្នាំ ២០១៨ ដល់ខែតុលា ឆ្នាំ ២០២៣។ យ៉ាងណាមិញ មន្ត្រី Resqink បានអះអាងថា ករណីចុងក្រោយនេះ គឺជារឿងឲ្យព្រួយបារម្ភខ្លាំង ព្រោះមានសត្វស្លាប់ងាប់ច្រើនបំផុត ពុំធ្លាប់មាន។
តំបន់ដីសើមនៅតាមបណ្តោយឆ្នេរសមុទ្រទីក្រុង Mumbai មានភាពល្បីល្បាញ ដោយសារសត្វស្លាប Flamingos មួយចំនួនធំ ដែលតែងតែហោះ ទៅដល់ទីនោះ ចាប់ពីខែធ្នូ។ បក្សី Flamingos ជាប្រភេទសត្វ មានកំពស់ចន្លោះពីជិតមួយម៉ែត្រ ទៅមួយម៉ែត្រកន្លះ នេះបើតាមគេហទំព័រ Britannica៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
