ប្រទេសអឺរ៉ុបចំនួន៣ ទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

ម៉ាឌ្រីដ៖ ន័រវេស អៀរឡង់ និងអេស្ប៉ាញបានប្រកាសកាលពីថ្ងៃពុធថា ប្រទេសពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ខណៈដែលប្រកាសនេះនាំឱ្យអ៊ីស្រាអែលកោះហៅបេសកជនរបស់ខ្លួនប្រចាំប្រទេសអឺរ៉ុបទាំងបីមកសួរនាំភ្លាមៗ។

មេដឹកនាំអៀរឡង់បាននិយាយថា ប្រជាជាតិរបស់ខ្លួននឹងទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ប៉ុន្តែមិនបានបញ្ជាក់អំពីពេលវេលានោះទេ ខណៈដែលមេដឹកនាំន័រវេស និងអេស្ប៉ាញក៏បានអះអាងដែរថា ប្រទេសរបស់ខ្លួនក៏នឹងធ្វើដូច្នេះដែរ នៅថ្ងៃទី២៨ ខែឧសភាខាងមុខ។ នាយករដ្ឋមន្រ្តីន័រវេស លោក ចូណាស់ ហ្គា ស្ត័រ បានធ្វើសេចក្តីប្រកាសបែបនេះពីទីក្រុងអូស្លូ, នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេត្រូ សាន់ឆេស ពីទីក្រុងម៉ាឌ្រីដ និងនាយករដ្ឋមន្ត្រីអៀរឡង់ លោក ស៊ីម៉ុន ហារីស ពីទីក្រុងឌីប្លីន។

ភ្លាមៗ អ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងកោះហៅបេសកជនរបស់ខ្លួនប្រចាំប្រទេសអៀរឡង់ និងន័រវែសត្រឡប់មកកាន់ប្រទេសវិញ ដើម្បីពិគ្រោះយោបល់ជាបន្ទាន់។ ក្រសួងការបរទេសអ៊ីស្រាអែល បានបង្ហោះសារវីដេអូមួយផ្ញើទៅកាន់ប្រទេសអៀរឡង់ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយព្រមានថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងធ្វើឱ្យអៀរឡង់ក្លាយជាកូនអុកនៅក្នុងដៃរបស់អ៊ីរ៉ង់ និងក្រុមហាម៉ាស់ ហើយថា ទង្វើនេះ គឺគ្រាន់តែជាការដុតបញ្ឆេះភាពជ្រុលនិយម និង អស្ថិរភាពប៉ុណ្ណោះ។

អ៊ីស្រាអែលបានសង្កត់ធ្ងន់ទៀតថា ផែនការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងបង្កើតជារង្វាន់សម្រាប់អំពើភេរវកម្ម ហើយកាត់បន្ថយឱកាសស្វែងរកដំណោះស្រាយបញ្ចប់ភ្លើងសង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបានឆាបឆេះកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស់បានវាយលុកចូលភាគខាងត្បូងអ៊ីស្រាអែល។

សូមរម្លឹកថា ក្នុងឆ្នាំ២០១៤ ប្រទេសស៊ុយអែតដែលមានសហគមន៍ប៉ាឡេស្ទីនដ៏ធំ បានក្លាយជាសមាជិកសហភាពអឺរ៉ុបដំបូងគេ ដែលទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីន។ តាមពីក្រោយដោយប្រទេសអឺរ៉ុបចំនួន៦ផ្សេងទៀត មានដូចជាប៊ុលហ្គារី ស៊ីប សាធារណរដ្ឋឆេក ហុងគ្រី ប៉ូឡូញ និងរូម៉ានី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner