គ្រោះមហន្តរាយធម្មជាតិប៉ះពាល់ដល់ហិរញ្ញវត្ថុពលរដ្ឋអាមេរិក
វ៉ាស៊ីនតោន៖ ធនាគារកណ្តាលអាមេរិក បានឱ្យដឹងថ្មីៗនេះថា ១៩ភាគរយនៃមនុស្សពេញវ័យនៅក្នុងសហរដ្ឋអាមេរិក បានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដោយសារគ្រោះមហន្តរាយធម្មជាតិកាលពីឆ្នាំ២០២៣ កើនជិត ៥០ភាគរយ ធៀបនឹងឆ្នាំ២០២២។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារកណ្តាលអាមេរិក ស្តីពីសុខុមាលភាពសេដ្ឋកិច្ចនៃគ្រួសារអាមេរិកបានរកឃើញថា ១៩ភាគរយនៃមនុស្សពេញវ័យបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារគ្រោះមហន្តរាយធម្មជាតិ ឬព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ ដូចជាទឹកជំនន់ និងភ្លើងឆេះព្រៃក្នុងរយៈពេល ១២ខែចុងក្រោយនេះ។
ធនាគារកណ្តាលអាមេរិកបាននិយាយថា អតិផរណានៅតែជាកង្វល់ផ្នែកហិរញ្ញវត្ថុកំពូលរបស់ពលរដ្ឋអាមេរិកក្នុងឆ្នាំ២០២៣ បើទោះជាអត្រាអតិផរណាធ្លាក់ចុះយ៉ាងខ្លាំងកាលពីឆ្នាំ២០២២ នៅពេលដែលវាឈានដល់កម្រិតខ្ពស់ជាច្រើនទសវត្សរ៍ក៏ដោយ។
តួយ៉ាង ជាងមួយភាគបីនៃជនជាតិអាមេរិកបានរាយការណ៍ពីអតិផរណាថា ជាបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ដោយមានអ្នកឆ្លើយសំណួរជាច្រើនបានលើកឡើងពីការកើនឡើងតម្លៃម្ហូបអាហារ និងគ្រឿងទេស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

