សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើន ទំនើបកម្មសេវាសុខាភិបាល មិនមែនតែនៅភ្នំពេញ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យបង្កើន ទំនើបកម្មសេវាសុខាភិបាល មិនមែនមានតែនៅភ្នំពេញ និងសម្រាប់អ្នកដែលមានលទ្ធភាពនោះទេ គឺត្រូវតែរុញទៅមូលដ្ឋានជនបទ និងគិតគូរពីលទ្ធភាពឱ្យពលរដ្ឋ ទទួលបានសេវាសុខាភិបាល ដែលមានគុណភាព ជាមួយតម្លៃសមរម្យគ្រប់គ្នា ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤ ។
សម្តេចធិបតី បានមានប្រសាសន៍ថា លទ្ធភាពទទួលបាន សេវាសុខាភិបាល ការបង្កើនគុណភាពសុខាភិបាល តែប្រជាជន អត់មានលទ្ធភាពទទួល អត់មានប្រយោជន៍អ្វីនោះទេ អ៊ីចឹងគឺត្រូវធ្វើយ៉ាងណាបង្កើនលទ្ធភាពប្រជាពលរដ្ឋជាពិសេសអ្នក ក្រីក្របំផុត ដើម្បីទទួលបានសេវា មិនអាចប្រមូលផ្តុំបង្កើនទំនើបកម្មនៅតែភ្នំពេញ សម្រាប់តែអ្នកមានលទ្ធភាពនៅក្រុងនោះទេ នៅពេលដែលជនបទមានគម្លាតឆ្ងាយ ។

សម្តេច ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ទៅពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល នៅតាមមូលដ្ឋាន ដែលស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ។ ក្រៅពីការពង្រឹងទៅគុណភាពសុខាភិបាល រាជរដ្ឋាភិបាល ក៏យកចិត្តទុកខ្លាំងផងដែរ ទៅលើលទ្ធភាពទទួលបានសេវា តាមរយៈការរុញសេវាសុខាភិបាលឱ្យដល់មូលដ្ឋាន កសាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត ពេទ្យថ្នាក់ជាតិ ទំនើបកម្មសេវា បង្កើនគុណភាពនៃការផ្តល់សេវាប្រភេទធ្ងន់ និងរុញទៅដល់តាមខេត្ត ដែលតាមផែនការរបស់រដ្ឋាភិបាល គឺរៀបចំជាមន្ទីរពេទ្យតំបន់។ ក្នុងដំណាក់កាលដំបូងនេះ មន្ទីរពេទ្យតំបន់ ត្រូវបានសាងសង់នៅខេត្តសៀមរាប និងខេត្តកំពង់ចាម ។

សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ក៏គិតគូរទៅលើតម្លៃសមរម្យ នៃការផ្តល់សេវា ពោលគឺ ប្រសិនបើគុណភាព សុខាភិបាល បានរុញទៅដល់មូលដ្ឋាន ហើយ គឺត្រូវតែគិតអំពីលទ្ធភាព ក្នុងការបង់ថ្លៃ ឬមួយក៏ការជួយជ្រុំជ្រែងរបស់រដ្ឋក្នុងកម្រិតណាមួយ។ នេះគឺជាគោលដៅចាំបាច់ ក្នុងការពង្រឹងធនធាន មនុស្ស និងសុខភាពជាចម្បង គឺកសាងសេវាសុខភាព ដែលមានគុណភាព រុញឱ្យដល់មូលដ្ឋាន និងត្រូវធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋមានលទ្ធភាព នៅក្នុងការទទួលបានដោយមានចីរភាព ។
សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា អ៊ីចឹង លើបញ្ហាបីនេះ គុណភាព លទ្ធភាពទទួលបានសេវា និងតម្លៃសមរម្យ តើរដ្ឋាភិបាលចេញគោលនិយោបាយអ្វីខ្លះមកហើយ ហើយឥលូវធ្វើអ្វីខ្លះ? ទី១. គុណភាព ៖ គុណភាព គឺយើងបានវិនិយោគច្រើនណាស់ ក្នុងរយៈពេល៤០ឆ្នាំនេះទៅលើសុខាភិបាល ។ ដូចនៅក្នុងរបាយការណ៍ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន វិស័យសុខាភិបាលស្ថិតនៅក្នុងវិស័យនាំមុខ នៃការចំណាយវិនិយោគរបស់យើង នៅឆ្នាំ២០២៣ យើងកើនដល់ប្រមាណជា២៣០០ ប៊ីលាន រៀល ស្មើនឹង ៥៧៣លានដុល្លារ នៅក្នុងការវិនិយោគនៅក្នុងសុខាភិបាល ហើយក្នុងនោះ វាផ្តោតទៅលើការពង្រឹងធ្វើឱ្យប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ទំនើបកម្មឧបករបរិក្ខា លើកកម្ពស់គុណភាពថ្នាំ បង្កើនសមិទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រម ប្រតិបត្តិ ពង្រឹងការកសាងធនធានមនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និងលើកទឹកចិត្ត និងផ្តល់សិទ្ធិដល់វិស័យឯកជន នៅក្នុង និងក្រៅប្រទេស។ កិច្ចការទាំងអស់នេះ គឺសំខាន់នៅក្នុងលើកកម្ពស់ទៅដល់ សុខាភិបាល ។

សម្តេចធិបតី ក៏បានថ្លែងអំណរគុណទៅដល់អង្គការដៃគូ និងប្រទេសជាដៃគូ ដែលបានជួយនៅក្នុងការអភិវឌ្ឍន៍ វិស័យសុខាភិបាល ហើយកន្លងមក រាល់ពេលសម្តេចធិបតី បានជួបជាមួយឯកអគ្គរាជទូត ឯកអគ្គរដ្ឋ ទូត ពីបណ្តាប្រទេសជាច្រើន និងថ្នាក់ដឹកនាំស្ថាប័នអន្តរជាតិនានា សម្តេចមិនដែលរំលងឡើយក្នុងការលើកយកវិស័យសុខាភិបាល មកជជែកពិភាក្សា ជាពិសេស ពង្រឹងការផ្តល់សេវា និងគុណភាពសុខាភិបាល ទៅមូលដ្ឋាន ដែលស្របទៅនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត