ភ្នាក់ងារអវកាសអឺរ៉ុបជ្រើសរើសក្រុមហ៊ុន២ ផលិតយានដឹកទំនិញទៅកាន់ស្ថានីយអវកាស ISS
ព្រុចសែល៖ ទីភ្នាក់ងារអវកាសអឺរ៉ុប ESA បានប្រកាសជ្រើសរើសក្រុមហ៊ុនចំនួនពីរ ដើម្បីអភិវឌ្ឍយានសម្រាប់ដឹកជញ្ជូនទំនិញទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅឆ្នាំ២០២៨។
ទីភ្នាក់ងារ ESA បានឲ្យដឹងកាលពីថ្ងៃពុធថា ខ្លួនបានចុះកិច្ចសន្យាដែលមានតម្លៃប្រហែល ២៧លានដុល្លារជាមួយក្រុមហ៊ុន Thales Alenia Space និង The Exploration Company។ ស្ថិតក្រោមកិច្ចសន្យានេះ ក្រុមហ៊ុនទាំងពីរនឹងជំរុញគំនិតច្នៃប្រឌិតរបស់ពួកគេ ក្នុងការផលិតយានអវកាសដែលអាចដឹកជញ្ជូនទំនិញទាំងទៅ និងមកស្ថានីយ៍អវកាសអន្តរជាតិ (ISS) និងស្ថានីយ៍អវកាសពាណិជ្ជកម្ម (CSS)។

លើសពីនេះ ទីភ្នាក់ងារ ESA ក៏នឹងស្វែងរកមូលនិធិសម្រាប់ដំណាក់កាលក្រោយៗទៀត នៅក្នុងកិច្ចប្រជុំបន្ទាប់នៃក្រុមរដ្ឋមន្ត្រីអឺរ៉ុបនៅចុងឆ្នាំ២០២៥ ជាមួយនឹងគោលដៅជំរុញផលិតយានអវកាសដឹកជញ្ជូនទំនិញយ៉ាងតិចមួយគ្រឿងឱ្យរួចរាល់ ដើម្បីចូលបម្រើសេវាកម្មបាននៅឆ្នាំ២០២៨ខាងមុខ។
សូមជម្រាបផងដែរថា ទីភ្នាក់ងារអវកាសអឺរ៉ុប ESA ថ្មីៗនេះបានព្យាយាមស្វែងរកគ្រាប់រ៉ុក្កែត ដើម្បីបាញ់បង្ហោះបេសកកម្មរបស់ខ្លួនទៅកាន់ទីអវកាស ហើយក៏កំពុងដើរតាមគន្លងរបស់អង្គការ NASA របស់អាមេរិក ដោយទិញកញ្ចប់សេវាកម្មពីក្រុមហ៊ុនឯកជន ដូចជា SpaceX របស់មហាសេដ្ឋី Elon Musk ជាជាងអភិវឌ្ឍវាដោយខ្លួនឯង៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា