អង្គការ UNICEF ព្រមានថា ប្រព័ន្ធសុខាភិបាលហៃទីប្រឈមនឹងការដួលរលំ

ព័រអូប្រុំាង៖ អង្គការយូនីសេហ្វបានព្រមានកាលពីថ្ងៃពុធថា ប្រព័ន្ធថែទាំសុខភាពនៅប្រទេសហៃទី ប្រឈមមុខនឹងការដួលរលំ ដោយមន្ទីរពេទ្យចំនួន៦ ក្នុងចំនោម១០ ស្ទើរតែមិនដំណើរការ។

តំណាងអង្គការយូនីសេហ្វប្រចាំប្រទេសហៃទី លោក Bruno Maes បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធសុខាភិបាលរបស់ប្រទេសហៃទី កំពុងឈានទៅរកការដួលរលំ និងថា កុមាររាប់លាននាក់ ឥឡូវនេះគឺងាយរងគ្រោះពីជំងឺ និងកង្វះអាហារូបត្ថម្ភ។ លោកបន្តថា ការរួមបញ្ចូលគ្នានៃអំពើហិង្សា ការផ្លាស់ទីលំនៅ ការរីករាលដាលជំងឺដ៏គ្រោះថ្នាក់ និងការកើនឡើងកង្វះអាហារូបត្ថម្ភ គឺជាមូលហេតុនាំឱ្យប្រព័ន្ធសុខាភិបាលហៃទីប្រឈមនឹងការដួលរលំ។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនហៃទីប្រហែល ៤.៤លាននាក់កំពុងត្រូវការជំនួយស្បៀងអាហារ ហើយ១.៦លាននាក់កំពុងប្រឈមមុខនឹងកម្រិតអាសន្នអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺអាសន្នរោគថ្មីនៅក្នុងខែតុលា ឆ្នាំ២០២២ ករណីសង្ស័យចំនួន៨២,០០០ករណីត្រូវបានរាយការណ៍។

គួរបញ្ជាក់ថា ប្រទេសហៃទីបានធ្លាក់ក្នុងអស្ថិរភាពនយោបាយដ៏រ៉ាំរ៉ៃអស់ជាច្រើនទសវត្សរ៍មកហើយ។ តួយ៉ាង កាលពីចុងខែកុម្ភៈឆ្នាំនេះ ក្រុមក្មេងទំនើងបានបង្កការបំផ្លិចបំផ្លាញរួចហើយនៅទូទាំងប្រទេស ដោយបានបើកការវាយប្រហារលើទីតាំងយុទ្ធសាស្ត្រ និងបាននិយាយថា ពួកគេចង់ផ្តួលរំលំនាយករដ្ឋមន្ត្រីហៃទី លោក Ariel Henry។

ចាប់តាំងពីពេលនោះមក លោក Henry បានប្រកាសលាលែងពីតំណែង ហើយក្រុមប្រឹក្សាគ្រប់គ្រងអន្តរកាលមួយបានចូលគ្រប់គ្រងអំណាចកាលពីខែមុន ដែលនេះជាជំហានដំបូងក្នុងការបង្កើតរដ្ឋាភិបាលថ្មី៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner