កូរ៉េខាងត្បូង និងជប៉ុន ដាក់ទណ្ឌកម្មកូរ៉េខាងជើង-រុស្ស៊ី ជុំវិញការជួញដូរអាវុធ

សេអ៊ូល៖ កូរ៉េខាងត្បូង និងជប៉ុន នៅថ្ងៃសុក្រនេះ បានប្រកាសដាក់ទណ្ឌកម្មជាបន្តបន្ទាប់ទៅលើបុគ្គល អង្គភាព និងកប៉ាល់ ដែលមានជាប់ពាក់ព័ន្ធនឹងការទិញអាវុធពីកូរ៉េខាងជើងបញ្ជូនទៅឱ្យរុស្ស៊ី ដែលសកម្មភាពនេះជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ទណ្ឌកម្មនេះគឺការទះកំផ្លៀងលើជនជាតិកូរ៉េខាងជើងចំនួន៧រូប និងនាវារុស្ស៊ីចំនួន២គ្រឿង ជុំវិញការជួញដូរអាវុធ និងសកម្មភាពផ្សេងទៀតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កប៉ាល់រុស្ស៊ីបានដឹកទូរកុងតឺន័រក្នុងចំនួនដ៏ច្រើន នៅក្នុងការដឹកជញ្ជូនសម្ភារៈយោធារវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលនេះជាទង្វើបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

ក្រសួងបន្ថែមថា ក្នុងចំណោមជនជាតិកូរ៉េខាងជើងទាំង៧ មានម្នាក់ជាអ្នកតំណាងក្រុមហ៊ុនរដ្ឋកូរ៉េខាងជើងមានមូលដ្ឋានក្នុងប្រទេសស៊ីរី ដែលទទួលបន្ទុកកិច្ចចរចាលើកកម្ពស់ការជួញដូរអាវុធជាមួយជនជាតិរុស្ស៉ីម្នាក់មកពីទាហានស៊ីឈ្នួលរុស្ស៉ី Wagner នៅចន្លោះពីឆ្នាំ២០២២ និងឆ្នាំ២០២៣។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ីប្រើប្រាស់ក្នុងសង្រ្គាមប្រឆាំងអ៊ុយក្រែន។ ប៉ុន្តែទាំងទីក្រុងមូស្គូ និងព្យុងយ៉ាង បានច្រានចោលការចោទប្រកាន់នេះ។ ទន្ទឹមគ្នា ប្រទេសជប៉ុនក៏បានប្រកាសដាក់ទណ្ឌកម្មលើអង្គភាពចំនួន១១ និងបុគ្គលម្នាក់ រួមទាំងជនជាតិរុស្ស៊ីមួយចំនួន ដែលចូលរួមក្នុងកិច្ចសហប្រតិបត្តិការយោធា ដើម្បីគាំទ្រការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

ប្រភព៖ The Star ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner