សហគ្រិនខ្មែរសម្ពោធបើកដំណើរការគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីបណ្ដុះបណ្ដាល សហគ្រិនភាព និងអភិវឌ្ឍអាជីវកម្ម
ភ្នំពេញ កម្ពុជា
នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤៖ សហគ្រិនខ្មែរ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជាប្រកបឱ្យមានភាពរស់រវើក បានដាក់សម្ពោធគម្រោង “ធុរកិច្ចជំនាន់ថ្មី” ដែលជាកម្មវិធីថ្មីមួយស្ដីពីការបណ្ដុះបណ្ដាលសហគ្រិនភាព និងអភិវឌ្ឍអាជីវកម្មដ៏អស្ចារ្យ។

គម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ក៏ដូចជាផ្ដល់ជំនាញ ចំណេះដឹង និងការគាំទ្រចាំបាច់ ដល់សហគ្រិន សហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងអ្នកជំនាញផ្នែកអាជីវកម្ម ដើម្បីកសាងសហគ្រាសដែលរីកចម្រើន និងប្រកបដោយនិរន្តរភាព។ តាមរយៈវគ្គបណ្ដុះបណ្ដាលទៅលើផ្នែកសំខាន់ៗដូចជា ការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម នឹងជួយផ្ដល់ជាកញ្ចប់មេរៀនដ៏រឹងមាំមួយ ទៅដល់អ្នកចូលរួម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗនៅក្នុងបរិបទអាជីវកម្មទំនើប។

កម្មវិធីសិក្សានៃគម្រោង “ធុរកិច្ចជំនាន់ថ្មី” ត្រូវបានរចនាឡើងដើម្បីដោះស្រាយតម្រូវការចម្រុះ ដែលសហគ្រិន និងអ្នកជំនាញផ្នែកអាជីវកម្មជួបប្រទះ។ មេរៀនសំខាន់ៗក្នុងគម្រោងមួយនេះមានដូចជា៖
(១) ការវាយតម្លៃសមត្ថភាពនិងគម្លាតជំនាញរបស់អ្នកចូលរួម ដើម្បីកំណត់ភាពខ្លាំង និងចំណុចដែលត្រូវការអភិវឌ្ឍបន្ថែម
(២) វគ្គបណ្ដុះបណ្ដាលស្ដីពីការដឹកនាំបែបសហគ្រិនភាព ការគ្រប់គ្រងអាជីវកម្ម ការពង្រឹងភាពច្នៃប្រឌិត ការធ្វើពាណិជ្ជកម្ម និងការពង្រីកអាជីវកម្ម
(៣) វគ្គបង្វឹកទាំងក្នុងក្រុម និងមួយទល់មួយ ដើម្បីផ្ដល់មតិស្ថាបនា និងការគាំទ្រ រួមទាំងជំរុញកិច្ចសហការ និងការរៀនសូត្រពីអ្នកចូលរួមដទៃ
(៤) ថ្នាក់ Masterclass ដើម្បីចែករំលែកចំណេះដឹងបន្ថែម និងពង្រីកបណ្ដាញទំនាក់ទំនង។

“ការបណ្ដុះវប្បធម៌នៃសហគ្រិនភាព និងការផ្ដល់សិទ្ធិអំណាចទៅដល់បុគ្គលទាំងឡាយ ដើម្បីយកគំនិតរបស់ពួកគេទៅអភិវឌ្ឍចេញជាអាជីវកម្ម គឺជាបេសកកម្មស្នូលរបស់សហគ្រិនខ្មែរ” ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្តិសហគ្រិនខ្មែរ មានប្រសាសន៍។ “តាមរយៈការសហការរវាងក្រុមហ៊ុន Grow4Growth ក្នុងគម្រោងធុរកិច្ចជំនាន់ថ្មី សហគ្រិនខ្មែរមានសេចក្ដីសោមនស្សរីករាយក្នុងការផ្តល់នូវបទពិសោធន៍សិក្សា ដែលនឹងជួយគាំទ្រដល់ការរីកចម្រើននៃសហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកជំនាញផ្នែកអាជីវកម្ម ទៅមួយកម្រិតទៀត។”

គម្រោងមួយនេះត្រូវបានអនុវត្តដោយ Grow4Growth Consultant Co. ដែលជាក្រុមហ៊ុនប្រឹក្សាធុរកិច្ច និងអភិវឌ្ឍសមត្ថភាពដ៏គួរឱ្យទុកចិត្ត។ លោកស្រីគឹម តាន់ ដែលជាស្ថាបនិក និងនាយកប្រតិបត្តិនៃ Grow4Growth Consultant Co. បានមានប្រសាសន៍ថា “Grow4Growth ពិតជាមានភាពរំភើបរីករាយ ដែលមានឱកាសជាដៃគូរសហការរបស់ សហគ្រិនខ្មែរ ក្នុងការអនុវត្គគម្រោង ធុរកិច្ចជំនាន់ថ្មី។” “ដោយការរួមបញ្ចូលនៃបទពិសោធន៍របស់ Grow4Growth និង សហគ្រិនខ្មែរ ក្នុងការប្រឹក្សាធុរកិច្ច ការកសាងជំនាញគ្រប់គ្រង និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់ពួកយើងអំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនកម្ពុជា ពួកយើងមានគោលបំណងផ្តល់ជំនាញ ផ្នត់គំនិត និងធនធានទៅដល់អ្នកចូលរួមគ្រប់រូប ដើម្បីជំរុញកំណើនសហគ្រាសប្រកបដោយនិរន្តរភាព និងនវានុវត្តន៍។

គម្រោង ធុរកិច្ចជំនាន់ថ្មី ស្វាគមន៍សហគ្រិន សហគ្រាសធុនតូចនិងមធ្យម និងអ្នកជំនាញ ដែលកំពុងតែចង់ពង្រឹងចំណេះដឹងក្នុងការគ្រប់គ្រងអាជីវកម្ម និងការដឹកនាំបែបសហគ្រិនភាព។ ការដាក់ពាក្យស្នើសុំចូលរួមកំពុងតែបើកដំណើរការ ហើយជំនាន់ទីមួយនៃអ្នកចូលរួមនឹងចាប់ផ្តើមនៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕
សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម សូមចុចលើតំណភ្ជាប់មួយនេះ៖ https://forms.gle/AnHv6xM83cotVdET7



