សម្ដេចអធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន ដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២៤ ឧសភា ឆ្នាំ២០២៤ ។

ក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីចប់កិច្ចប្រជុំប្រចាំឆមាសនេះ ឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការរដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានឱ្យដឹងថា ប្រតិភូគណបក្សទាំង២៩ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានសម្តែងឆន្ទៈគាំទ្រទាំងស្រុង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ របស់រាជរដ្ឋាភិបាលកម្ពុជា ។ ប្រតិភូគណបក្ស ក៏បានបង្ហាញការគាំទ្រ ចំពោះប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលជំរុញឱ្យរាជរដ្ឋាភិបាល បើកការដ្ឋានសាងសង់គម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនេះ ឱ្យបានឆាប់ផងដែរ។

ឯកឧត្តម ឈឹម ផលវរុណ បានបន្តថា ក្នុងកិច្ចប្រជុំនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងនូវទម្រង់នៃកញ្ចប់ថវិកា ដើម្បីយកទៅទ្រទ្រង់នូវគម្រោងព្រែកជីកហ្វូណនតេជោ គឺធ្វើឡើងក្នុងទម្រង់ BOT។ ប៉ុន្តែមិនមែនពឹងផ្អែកទាំងស្រុង ទៅលើកញ្ចប់ទុនថវិការបស់ក្រុមហ៊ុនបរទេសនោះទេ គឺមានកញ្ចប់ទុនថវិការបស់ក្រុមហ៊ុនឯកជនខ្មែរ ចំនួន៥១ភាគរយ នៃចំនួនទុនសរុប ១៧០០លានដុល្លារអាម៉េរិក ។

ឯកឧត្តម មានប្រសាសន៍ថា ក្នុងរយៈពេល៦ខែកន្លងមកនេះ ប្រតិភូគណបក្សនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ បានបំពេញការងារ ដោយទទួលបានលទ្ធផលច្រើន ស្របតាមបទបញ្ញត្តិ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ ដោយបានផ្តល់នូវធាតុចូលជាទស្សនទាន ជាលេខលក្ខអក្សរជិត៣០ទស្សនទាន ជូនចំពោះរាជរដ្ឋាភិបាល។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គឺជាយន្តការផ្តល់យោបល់ ពីពហុគណបក្សក្រៅរដ្ឋសភា ជូនចំពោះរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយប្រសិទ្ធភាព ការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋាននានា។

សូមជម្រាបថា បច្ចុប្បន្ន ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ មានគណបក្សនយោបាយចូលរួមចំនួន២៩គណបក្ស ហើយបើតាមការបញ្ជាក់ពីឯកឧត្តម ឈឹម ផលវរុណ, ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង ផ្តល់យោបល់ នឹងនៅតែបន្តទទួលការចូលរួម ពីគណបក្សក្រៅរដ្ឋសភាផ្សេងទៀតចូលរួម ដើម្បីរួមចំណែកផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner