កិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប លើប្រធានបទ(ការពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ)
(ភ្នំពេញ)៖ លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន អញ្ជើញបើកកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិ ថ្នាក់តំបន់ខាងត្បូងបឹងទន្លេសាប លើប្រធានបទ(ការពិគ្រោះយោបល់លើលិខិតបទដ្ឋានគតិយុត្ត ស្ថិតក្រោមក្រមបរិស្ថាននិងធនធានធម្មជាតិ) លោក ម៉ម ផល្លា ប្រធានមន្ទីបរិស្ថានខេត្តកំពង់ឆ្នាំ ព្រមទាំងលោក លោកស្រី តំណាងអង្គការដៃគូ តំណាងសហគមន៍តំបន់ការពារធម្មជាតិ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។

លោកជំទាវ ម៉ុម ថានី បានលើកឡើងថា ៖ ក្រសួងបរិស្ថានបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ”យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន”ឆ្នាំ២០២៣-២០២៨ ក្រោមអធិបភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយអនុលោមតាម”យុទ្ធសាស្រ្តបញ្ចកោណ” ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ច បៃតង សំដៅសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ ឈើ ៦០ភាគរយ នៅឆ្នាំ២០៥០» ។

លោកជំទាវរដ្ឋលេខាធិការ បន្តថា៖ ដើម្បីរៀបចំដាក់ចេញ នូវយុទ្ធសាស្ត្រ ដោយការកំណត់មធ្យោបាយ និងយន្តការប្រកប ដោយប្រសិទ្ធិភាពខ្ពស់ គឺភាពស្អាត បៃតង និងចីរភាព ដើម្បីរួមចំណែកអភិវឌ្ឃន៍យុទ្ធសាស្ត្រចក្រា ដោយមានផែនការយុទ្ធសាស្ត្រសហគមន៍ដោយផ្តោតទៅលើលើកកម្ពស់សន្តិសុខស្បៀង ការបន្សាំ និងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈ អេកូទេសចរណ៍ធម្មជាតិ សំដៅធ្វើឱ្យប្រសើរ ឡើងនូវជីវភាពរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុង និងក្បែរតំបន់ការពារធម្មជាតិ រួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ ការថែរក្សាអត្តសញ្ញាណ វប្បធម៌របស់បងប្អូនសហគមន៍ និងការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋានឲ្យមានខ្សែក្រវ៉ាត់បៃតង និងជំរុញប្រជាសហគមន៍ឱ្យចូលរួមអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ៕




ដោយ / គ្រី សម្បត្តិ