ចំណាយពេល១០ឆ្នាំ ទីបំផុតកូនត្រីគល់រាំងកម្ពុជា បានចាប់កំណើតជាលើកដំបូង

ភ្នំពេញ៖កូនត្រីគល់រាំងកម្ពុជាបានចាប់កំណើតហើយនាវេលា ម៉ោង៣ព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។អាចនិយាយ បានថា នេះជាដំណឹងគួរជាទីរីករាយបំផុតសម្រាប់កម្ពុជា ព្រោះជាលទ្ធផល លើកដំបូងនៅកម្ពុជា ដែលក្រុមស្រាវជ្រាវ បច្ចេកទេសវារីវប្បកម្ម នៃវិទ្យាស្ថានជាតិស្រាវជ្រាវនិងអភិវឌ្ឍន៍ វារីវប្បកម្មទឹកសាប សម្ដេចតេជោ ហ៊ុន សែន បានបង្កាត់ ភ្ញាស់កូនត្រីគល់រាំង ទទួល ជោគ ជ័យ ជាលើកដំបូង ក្រោយពី បានព្យាយាមចិញ្ចឹមបំប៉នត្រីមេពូជ ញី ឈ្មោល រហូតពេញវ័យ អស់រយៈពេលជិត១០ឆ្នាំ។

សូមជម្រាបថា ត្រីគល់រាំងជានិមិត្តរូបមច្ឆជាតិកម្ពុជាដែល កំពុង បង្កើនកិច្ចគាំពារ ខណៈវាគឺជាប្រភេទត្រីដ៏កម្រ និងជា ប្រភេទត្រី ប្រឈម នឹងការផុតពូជ ដែលទាមទារឱ្យមាន ការចូលរួមការពារ និងអភិរក្សឱ្យនៅគង់វង្សយូរអង្វែង ។

ត្រីគល់រាំង មានឈ្មោះផ្សេង ទៀតជាត្រីកាហោ ឬត្រីក្បាល ឡាន ស្ថិតក្នុងបញ្ជីក្រហម ដែលមានចំណាត់ថ្នាក់កំពុងរង ការគំរាម កំហែងយ៉ាងខ្លាំងឈានទៅរកការផុតពូជ (Critical Endangered) របស់អង្គការសហភាពអន្តរ ជាតិដើម្បីការ អភិរក្សធម្មជាតិ ហៅកាត់ IUCN (Interna tional Union for Conser vation of Nature) ហើយត្រីនេះត្រូវបានចុះ បញ្ជីឧបសម្ព័ន្ធ១ របស់ អនុសញ្ញាសាយតេស (CITES)ផងដែរ ។

ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលធំបំផុតមួយក្នុងចំណោមត្រីធំៗបំផុតទាំង បីប្រភេទ ។គឺទី១ ត្រីបបែលយក្ស ,ទី២ ត្រីរាជ និងទី៣ ត្រីគល់រាំង ។ ត្រីគល់រាំង មានប្រវត្តិយូរលង់ ណាស់មកហើយទាក់ទងនឹងជីវភាពប្រជាជន តាំងពីមុន សម័យអង្គរមកម្ល៉េះ ដោយ សារតែនៅតាមប្រាង្គប្រាសាទ បុរាណ នៅខេត្តសៀមរាបយើងនេះ មានរូបចម្លាក់ជា ច្រើន ទាក់ទងនឹងជីវភាពប្រចាំ ថ្ងៃរបស់ ប្រជាជនដោយភ្ជាប់ នឹងរូបត្រី ជាពិសេសគឺនៅប្រាសាទបាយ័ន ដោយនៅ តាមជញ្ជាំងប្រាសាទផ្លែកខ្លះៗ យើងអាចមើល ឃើញនូវ ចម្លាក់រូបត្រីគល់រាំងនេះ ដែលជាភស្តុតាងពីការផ្សារភ្ជាប់ត្រីនេះ ទៅនឹងជីវភាពរស់នៅរបស់ប្រជាជនយើងតាំងពីយូរលង់ណាស់មក ហើយ ។

ត្រីគល់ រាំង គឺជាប្រភេទត្រីមានស្រកាតែមួយគត់ នៅ ព្រះរាជាណាចក្រកម្ពុជាយើង ដែលអាចលូត លាស់រហូត ដល់ទម្ងន់ ប្រមាណ ៣០០គីឡូក្រាម និងប្រវែងពី២ទៅ៣ម៉ែត្រ ហើយត្រីនេះអាចរស់នៅបានទាំងទន្លេនិងបឹង ហើយត្រូវបាន ប្រជាជនប្រសិទ្ធនាមថា “ស្តេចបឹង” ។ ត្រីគល់រាំង ចូលចិត្តរស់ នៅតំបន់អន្លង់ជ្រៅៗតាមដងទន្លេមេគង្គ បឹងទន្លេសាប ហើយតាមការសិក្សាស្រាវជ្រាវ កន្លងមក ត្រីគល់រាំងពេញវ័យ អាចបន្តពូជបាននៅអាយុ៧ឆ្នាំឡើង ឬអាចយូរជាងនេះ ដែលជាវដ្តជីវិតបន្តពូជមួយដ៏យូរ ដែលនេះ ហើយជាហានិភ័យ នៃការឈានទៅរកការផុតពូជបាន បើពុំមានការអភិរក្ស ឬក៏ចូល រួមពីយើងទាំងអស់គ្នានោះទេ ។

ម្យ៉ាងទៀត ពិតមែនតែត្រីគល់រាំងនេះ អាចរស់នៅបានរហូត ដល់អាយុ៦០ឆ្នាំ និងអាចពងកូនម្តងរង្វង់ពី៦០ម៉ឺន ទៅ៨០ម៉ឺន កូន ប៉ុន្តែហានិភ័យនៃការប្រឈមរបស់ត្រីគល់ រាំងនៅតែខ្លាំង ដដែល ដោយ សារការនេសាទខុសច្បាប់ ការជាប់មងដោយ ចៃដន្យ និងការ បំផ្លាញជម្រក ក៏ដូចជាជីវ ចម្រុះរបស់វា ។

សូមបញ្ជាក់ថា ត្រីគល់រាំង ត្រូវបានចាត់ទុកជាមច្ឆជាតិ និមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/ ១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ។ ត្រីគល់រាំងនេះ គឺត្រូវបានហាមឃាត់ការធ្វើនេសាទ ទិញលក់ និងដឹក ជញ្ជូន តាំងពីសម័យសម្តេចព្រះនរោត្តម សីហនុ (ព្រះបរមរតកោដ្ឋ) មកម្ល៉េះ គឺតាមរយៈក្រមនេសាទ លេខ៨០នស ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ១៩៥៦ ៕


ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner