រុស្ស៊ីដកតាលីបង់ចេញពីបញ្ជីអង្គការភេរវករ
មូស្គូ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនឹងដកក្រុមតាលីបង់ចេញពីបញ្ជីអង្គការភេរវករ បីឆ្នាំបន្ទាប់ពីពួកគេបានវិលត្រឡប់មកកាន់អំណាចវិញនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ថា ថ្មីៗនេះ កាហ្សាក់ស្ថានក៏បានធ្វើការសម្រេចដូចដែលយើងគ្រោងនឹងធ្វើផងដែរ នោះគឺដកតាលីបង់ចេញពីបញ្ជីអង្គការភេរវករ។ កាហ្សាក់ស្ថានបានដកតាលីបង់ចេញពីបញ្ជីអង្គការហាមឃាត់កាលពីចុងឆ្នាំ២០២៣ ខណៈដែលរុស្ស៊ីចាត់តាំងក្រុមតាលីបង់ជាអង្គការភេរវករចាប់តាំងពីឆ្នាំ២០០៣។

រុស្ស៊ីបានជំរុញទំនាក់ទំនងជាច្រើនឆ្នាំជាមួយក្រុមតាលីបង់ ដោយរៀបចំកិច្ចចរចាជាច្រើនជុំ និងជំរុញពាណិជ្ជកម្មជាមួយអាហ្វហ្គានីស្ថាន បើទោះបីជាមានទណ្ឌកម្មអន្តរជាតិក៏ដោយ។ ហើយការសម្រេចចិត្តដកក្រុមតាលីបង់ចេញពីបញ្ជីអង្គការភេរវករនេះដែរ អាចនឹងជួយជំរុញទំនាក់ទំនងការទូតបន្ថែមទៀតរវាងរុស្ស៊ី និងអាហ្វហ្គានីស្ថាន។
ក្រុមតាលីបង់បានដណ្តើមអំណាចកាលពីឆ្នាំ២០២១ ពីរដ្ឋាភិបាលដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទន្ទឹមគ្នា ពួកគេបានអនុវត្តទម្រង់ច្បាប់អ៊ីស្លាមជ្រុលនិយម ដើម្បីរឹតត្បិតសិទ្ធិស្រ្តីនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា