អ្នកគ្រប់គ្រងថវិកាវិនិយោគក្រៅប្រទេសចិន រំពឹងសំណង់ព្រែកជីកហ៊្វូណនតេជោលេចជារូបរាង (Video Inside)
អ្នកគ្រប់គ្រងថវិកាវិនិយោគក្រៅប្រទេសរបស់សាធារណរដ្ឋប្រជាមានិតចិន បានថ្លែងរំពឹងការលេចចេញជារូបរាង នូវសំណង់ព្រែកជីកហ្វូណនតេជោ ក្នុងកិច្ចប្រជុំមួយក្នុងសប្តាហ៍នេះ ជាមួយឧបនាយករដ្ឋមន្ត្រីលោក ស៊ុន ចាន់ថុល។
សំណង់ព្រែកជីកហ៊្វូណនតម្លៃ ១ពាន់ ៧០០លានដុល្លារ ត្រូវបានរាជរដ្ឋាភិបាលប្រកាសថា នឹងបើកការដ្ឋានសាងសង់ក្នុងឆ្នាំ២០២៤នេះហើយ។ គម្រោងព្រែកជីកប្រវែង ១៨០គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកណ្តាល តាកែវ កែប និងកំពត ត្រូវបានក្រុមធ្វើនយោបាយប្រឆាំង បានរារាំងមិនចង់ឱ្យគម្រោងព្រែកជីកបំរើសេដ្ឋកិច្ចជាតិនេះ លេចចេញជារូបរាងឡើយ ក្រោមហេតុផលផ្សេងៗ ដើម្បីបំរើមហិច្ឆតានយោបាយរបស់ខ្លួន។
អគ្គនាយិការង នៃនាយកដ្ឋានមូលធនអន្តរជាតិ និងការវិនិយោគក្រៅប្រទេស នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ នៃសាធារណរដ្ឋប្រជាមានិតចិន លោកស្រី ចាង ជានហួរ ក្នុងជំនួបកាលពីថ្ងៃទី២៧ឧសភា ជាមួយនឹងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញនូវសុទិដ្ឋិនិយម ចំពោះគម្រោងនេះ ហើយសង្ឃឹមថា គម្រោងនេះនឹងលេចរូបរាងឡើង ដើម្បីកែប្រែមុខមាត់កម្ពុជា នាពេលអនាគតឆាប់ៗខាងមុខនេះ។