អ៊ុយក្រែនអំពាវនាវកម្ពុជាគាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន (Video Inside)

ប្រធានសភា នៃប្រទេសអ៊ុយក្រែន លោក រូស្លាន ស្តេហ្វាន ឈុក បានអំពាវនាវកម្ពុជា គាំទ្ររូបមន្តសន្តិភាពរបស់ខ្លួន ក្នុងជំនួបតាមប្រព័ន្ធវីដេអូអនឡាញមួយ នៅថ្ងៃទី២៨ឧសភា ជាមួយនឹងប្រធានព្រឹទ្ធសភា នៃប្រទេសកម្ពុជា។

អ៊ុយក្រែនដែលស្នើឱ្យមានការរៀបចំកិច្ចប្រជុំកំពូលសន្តិភាព នៅក្នុងប្រទេសស្វីស នៅថ្ងៃទី១៥ និង១៦ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ចេញនូវរូបមន្តសន្តិភាព ១០ចំណុច ដែលបដិសេធរុស្ស៊ីមិនឱ្យចូលរួមឡើយ។ អ៊ុយក្រែន កំពុងបញ្ចុះបញ្ចូលប្រទេសលើសកលលោក ដើម្បីគាំទ្រនូវរូបមន្តសន្តិភាពរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងយករូបមន្ត ១០ចំណុចរបស់អ៊ុយក្រែននេះ ទៅពិចារណា។ សម្តេចតេជោបានបញ្ជាក់ថា កិច្ចប្រជុំកំពូលស្តីពីសន្តិភាព ដែលមានតម្លៃជាក់លាក់ ត្រូវតែមានគ្រប់ភាគីពាក់ព័ន្ធចូលរួមដូចជាវត្តមានរបស់រុស្ស៊ីផងដែរ។

ប្រធានសភាអ៊ុយក្រែនបានថ្លែងស្នើរកការអញ្ជើញសម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាព នៅក្នុងប្រទេសស្វីសខាងមុខនេះផងទៀត។

សម្តេចតេជោបានថ្លែងថា ការចូលរួមរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាព របស់អ៊ុយក្រែន នៅទីក្រុងហ្សឺណែវ នឹងទុកជូនរាជរដ្ឋាភិបាលជាអ្នកសម្រេច។

ក្នុងជំនួបតាមប្រព័ន្ធវីដេអូដដែល, ប្រធានសភាអ៊ុយក្រែន បានស្នើកម្ពុជាចូលរួមក្នុងសម្ព័ន្ធភាពដោះមីន នៅប្រទេសអ៊ុយក្រែនផងទៀត។

សម្តេចតេជោបានថ្លែងបង្ហាញក្តីសោកស្តាយដែលកម្ពុជាមិនមានលទ្ធភាពបញ្ជូនអ្នកដោះមីន ទៅអ៊ុយក្រែនបានទេ ដោយសាររដ្ឋធម្មនុញកម្ពុជា មិនអនុញ្ញាតឱ្យបញ្ជូនកងកម្លាំងដោះមីន នៅក្រៅឆ័ត្ររបស់អង្គការសហប្រជាជាតិឡើយ។ ប៉ុន្តែសម្តេចតេជោបញ្ជាក់ថា កម្ពុជានឹងពិនិត្យមើលលទ្ធភាពបណ្តុះបណ្តាលអ្នកដោះមីនអ៊ុយក្រែនបន្តទៀត ដោយសហការជាមួយនឹងជប៉ុន។

ប្រធានសភាអ៊ុយក្រែននៅបានស្នើចំណុចមួយផ្សេងទៀតដល់សម្តេចតេជោ នោះគឺការអញ្ជើញសម្តេចតេជោបំពេញទស្សនកិច្ចនៅអ៊ុយក្រែនថែមទៀត។ សម្តេចតេជោបានថ្លែងថា ចំពោះការអញ្ជើញបំពេញទស្សនកិច្ចនៅអ៊ុយក្រែននោះ សម្តេចនឹងផ្តល់ចម្លើយក្នុងពេលសមស្របណាមួយ។

ads banner