ទូតចិនបញ្ចប់អាណត្តិ៖ រដ្ឋាភិបាលចិន នៅតែបន្តរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិនៅកម្ពុជា បានគូសបញ្ចាក់ថា រដ្ឋាភិបាលចិន នឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានបញ្ចប់អាណត្តិកាទូតនៅ កម្ពុជា បានបញ្ជាក់ដូច្នេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តម វ៉ាង វិនធាន បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ព្រមទាំងបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង ឯកឧត្តមនាយករដ្ឋមន្ត្រី លី ឈាង ជូនចំពោះសម្តេចធិបតី ផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលធំៗជាច្រើនលើវិស័យនយោបាយ សេដ្ឋកិច្ច ការទាក់ទាញវិនិយោគិន ការដាក់ចេញកម្មវិធីកំណែទម្រង់ស៊ីជម្រៅ និងការធ្វើឱ្យប្រសើរឡើងនូវវិស័យទេសចរណ៍ ជាដើម។
ឯកឧត្តមក៏បានសម្តែងនូវសេចក្តីរីករាយ និងការពេញចិត្ត ដែលបានចូលរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តម នៅ កម្ពុជា ដោយសម្រេចបាននូវសមិទ្ធផលធំៗគួរឱ្យកត់សម្គាល់ជាច្រើនដូចជា៖ ពហុកីឡដ្ឋានជាតិមរតកតេជោ ផ្លូវលឿនភ្នំពេញ-ខេត្តព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក៏ដូចជាការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនេះបានឆ្លុះបញ្ចាំងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អប្រសើរ និងការចេះជួយគ្នាទៅវិញទៅមក ក្នុងឋាន:ជាមិត្តដែកថែប ដ៏ស្មោះត្រង់ និងទុកចិត្តបាន។
ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា រដ្ឋាភិបាលចិននឹងនៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគណៈប្រតិភូ ដែលបានចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា។
សម្ដេចក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនជាលំដាប់។
សម្ដេចធិបតី បានលើកឡើងថា “នេះជាពេលវេលាដ៏គួរឱ្យស្រណោះបំផុត ដែលមិត្តដ៏ល្អរបស់កម្ពុជា ត្រូវឃ្លាតឆ្ងាយ ហើយសម្តេចធិបតីសង្ឃឹមថា នឹងបានជួបឯកឧត្តមឯកអគ្គរដ្ឋទូតជាថ្មីម្តងទៀតក្នុងឱកាសសមស្របណាមួយ និងជូនពរឱ្យឯកឧត្តមឯកអគ្គរដ្ឋទូតទទួលបានជោគជ័យក្នុងបេសកកម្មការងារថ្មី។ សម្តេចធិបតីបានគូសបញ្ជាក់ថា កម្ពុជារង់ចាំ និងស្វាគមន៍ឯកឧត្តមជានិច្ច។
បន្ទាប់ពីបញ្ចប់ជំនួបនេះ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធជានិមិត្តរូបនៃការប្រសិទ្ធនាម “ផ្លូវក្រវាត់ក្រុងទី៣” ដែលតភ្ជាប់ផ្លូវជាតិ លេខ១ទៅផ្លូវជាតិលេខ៤ ថាជា “មហាវិថី ស៊ី ជីនពីង” ផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, និង សួង ពិសិដ្ឋ











