ថៃដាំដើមឈើនៅតាមផ្លូវថ្មើរជើងក្នុងក្រុងបាងកក ទប់ទល់អាកាសធាតុក្តៅ

ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមដើម្បីទប់ទល់នឹងរលកកម្តៅដែលបន្តវាយលុកទីក្រុងបាងកក ប្រទេសថៃបានចាប់ផ្តើមយុទ្ធនាការដាំដើមឈើនៅលើស្ពានអាកាសដែលជាផ្លូវសម្រាប់ថ្មើរជើង។ ផ្លូវ BTS Phrom Phong ត្រូវបានចាត់ទុកថាជាផ្លូវមានដើមឈើឬភាពបៃតងច្រើនបំផុត ដែលប្រជាជនថៃខ្លះបានហៅថា កូនព្រៃតូចទៀតផង។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍ ចុះផ្សាយ កាលពីថ្ងៃចន្ទ។

ប្រភពព័ត៌មានដដែលនេះបានផ្សាយថា ផ្លូវថ្នើរជើងអមដោយកូនឈើតូចធំយ៉ាងច្រើនននេះមាន ប្រវែង ៣០០ម៉ែត្រ។ នៅទីនោះ ក៏មានសួន Benjasiri ភ្ជាប់ រវាងផ្សារទំនើបទាំងបី នៃតំបន់ពាណិជ្ជកម្ម EM District ផងដែរ។

អ្នកតាមដានបណ្តាញសង្គមហ្វេសបុកយល់ថានេះជាគំនិតល្អ ប៉ុន្តែក៏វាមិនអាចជួយអ្វីបានច្រើនដែរ ជាពិសេសក្នុងខណៈដែលទីក្រុងបាងកកមានកម្រិតខ្យល់ពុលខ្ពស់ខ្លាំង។ គណនីហ្វេសបុក ឈ្មោះថា «Michael Stoeckle» បានរៀបរាប់ថា «មើលទៅអស្ចារ្យណាស់! ប៉ុន្តែធាតុពិត របស់ក្រុងបាងកក គឺខ្យល់ត្រូវបានបំផ្លាញទាំងស្រុង ដោយការដុតចំការស្ករ…នេះបើគិតចាប់ពីខែវិច្ឆិកា ដល់ខែឧសភា»។

កាសែត Thai PBS World ធ្លាប់បានចុះផ្សាយ កាលពីដើមខែឧសភាថា ទីក្រុងបាងកកជាប់ចំណាត់ថ្នាក់ទី៥ ដែលមានការបំពុលខ្យល់ខ្លាំងបំផុត លំដាប់ទី ៥ លើពិភពលោក ដោយផ្អែកតាមគេហទំព័រ IQAir ដែលវាស់វែងគុណភាពខ្យល់នៅក្នុងទីក្រុង ជុំវិញពិភពលោក។

នៅប្រទេសថៃ មានមនុស្ស ១០ លាននាក់បានស្វែងរកការព្យាបាលសម្រាប់ជំងឺដែលរងគ្រោះពីការបំពុលខ្យល់ កាលពីឆ្នាំ២០២៣។ នេះបើតាម BBC។ នៅឆ្នាំ២០២៤ នេះ ថៃបានរាយការណ៍ពីរលកកម្តៅដែលឡើងដល់៤៥អង្សារសេ បានបណ្តាលឲ្យមនុស្សជាង៦០នាក់បាត់បង់ជីវិត៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner