ស្តេច អេមីរ៉ាត់ អារ៉ាប់រួម យាងដល់ទីក្រុងប៉េកាំង
ប៉េកាំង៖ ប្រធានាធិបតីនៃប្រទេសអេមីរ៉ាត់ អារ៉ាប់រួម ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed al-Nahyan បានយាងទៅមកដល់ទីក្រុងប៉េកាំង ដើម្បីចូលរួមពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់។
បើតាមកាសែតចិន CGTN បានចេញផ្សាយថា សន្និសីទដែលរៀបចំឡើង នៅថ្ងៃព្រហស្បតិ៍នេះក៏ស្របពេលជាមួយនឹងខួបលើកទី២០ នៃវេទិកាសហប្រតិបត្តិការរដ្ឋចិន-អារ៉ាប់ ដែលត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៤ ហើយវាក៏ជាសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកដំបូង បន្ទាប់ពីកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់ លើកទីមួយ បានធ្វើឡើង ក្នុងឆ្នាំ២០២២។
ប្រភពបានឲ្យដឹងដែរថា រហូតមកដល់ពេលនេះ ប្រទេសចិនបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយរដ្ឋអារ៉ាប់ ចំនួន១៤ ។ ក្រៅពីនេះ ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់រដ្ឋអារ៉ាប់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយពាណិជ្ជកម្មទ្វេភាគី រវាងភាគីទាំងពីរ បានកើនឡើង ពី៣៦,៧ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០០៤ ដល់ ៣៩៨ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ នេះបើតាមមន្ត្រីក្រសួងការបរទេសចិន៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

