ជំងឺកញ្រ្ជឹលវាយលុកទ្វីបអឺរ៉ុបសាជាថ្មី

កូប៉ិនហាក់៖ អង្គការសុខភាពពិភពលោក (WHO) បានព្រមានកាលពីថ្ងៃអង្គារថា ករណីឆ្លងជំងឺកញ្ជ្រឹលកំពុងកើនឡើងពាសពេញទ្វីបអឺរ៉ុបសាជាថ្មីក្នុងរយៈពេលពីរឆ្នាំជាប់គ្នា ហើយឆាប់ៗនេះ នឹងកើនលើសពីចំនួនដ៏ខ្ពស់ដែលបានកត់ត្រាក្នុងឆ្នាំ២០២៣។

ករណីឆ្លងជំងឺកញ្ជ្រឹលសរុបចំនួន ៥៦,៦៣៤ករណី និងការស្លាប់ចំនួន ៤នាក់ត្រូវបានចុះបញ្ជីក្នុងអំឡុងពេលបីខែដំបូងនៃឆ្នាំ២០២៤ នៅក្នុង ៤៥ប្រទេស ក្នុងចំណោម ៥៣ប្រទេស។

សម្រាប់រយៈពេលពេញមួយឆ្នាំ ២០២៣ មានករណីឆ្លងជំងឺកញ្ជ្រឹលចំនួន ៦១,០៧០ករណី និងករណីស្លាប់ចំនួន ១៣ករណី ត្រូវបានរាយការណ៍នៅក្នុងប្រទេសចំនួន៤១។ តួលេខនេះ កើនឡើងចំនួន ៦០ដង ធៀបនឹងឆ្នាំ ២០២២ មានតែជាង ៩៤១ករណីប៉ុណ្ណោះ។

អង្គការសុខភាពពិភពលោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីឆ្លងជំងឺកញ្ជ្រឹលនៅទូទាំងទ្វីបអឺរ៉ុបនៅតែបន្តកើនឡើង ដោយចំនួនករណីឆ្លងជំងឺកញ្ជ្រឹលត្រូវបានកត់ត្រាទុកសម្រាប់ឆ្នាំ ២០២៤ ឆាប់ៗនេះនឹងកើនលើសពីចំនួនករណីសរុបដែលបានរាយការណ៍ពេញមួយឆ្នាំ ២០២៣។

នាយកអង្គការសុខភាពពិភពលោក WHO លោក Hans Kluge បាននិយាយថា “ខ្ញុំសូមជំរុញឱ្យប្រទេសទាំងអស់ចាត់វិធានការជាបន្ទាន់ ទោះបីជាកន្លែងណាដែលគ្របដណ្តប់លើការចាក់ថ្នាំបង្ការជាទូទៅខ្ពស់ក៏ដោយ ការចាក់វ៉ាក់សាំងការពារជនងាយរងគ្រោះ បិទចន្លោះប្រហោងនៃភាពស៊ាំ និងដោយហេតុនេះការពារមេរោគពីការកាន់កាប់នៅក្នុងសហគមន៍ណាមួយ”។

ជំងឺកញ្ជ្រឹលបង្កឡើងដោយមេរោគ ហើយងាយឆ្លងនៅពេលមនុស្សដកដង្ហើម ក្អក ឬកណ្តាស់។ រោគសញ្ញាភាគច្រើនមានដូចជា ឡើងកន្ទួល ហៀរសំបោរ ក្អក និងហៀរទឹកភ្នែក ហើយផលវិបាកអាចធ្ងន់ធ្ងរ។

យ៉ាងហោចណាស់ ៩៥ភាគរយនៃកុមារបានចាក់វ៉ាក់សាំងទាំងស្រុង ប្រឆាំងនឹងជំងឺនេះនៅក្នុងមូលដ្ឋាន ដើម្បីការពារការផ្ទុះឡើងជាថ្មី។ ស្ទើរតែពាក់កណ្តាលនៃករណីឆ្លងដែលបានកត់ត្រាក្នុងឆ្នាំ ២០២៣ ពាក់ព័ន្ធនឹងកុមារដែលមានអាយុក្រោម ៥ឆ្នាំ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner