កិច្ចប្រជុំកំពូលសកលស្តីពីបញ្ញាសិប្បនិម្មត AI

បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ កិច្ចប្រជុំកំពូលពិភពលោក ស្តីពី «AI for Good» បានចាប់ផ្តើមដំណើរការ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ជាទីដែលអ្នកអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មតសំខាន់ៗ និងអ្នកពាក់ព័ន្ធរាប់ពាន់នាក់ជួបជុំគ្នា ពន្លឿនកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហានានា របស់ពិភពលោក ដូចជា ការប្រែប្រួលអាកាសធាតុ ភាពអត់ឃ្លាន និងការថែទាំសង្គម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា AI។

លោក Tomas Lamanauskas អគ្គលេខាធិការរង នៃសហភាពទូរគមនាគមន៍អន្តរជាតិ មានប្រសាសន៍ថាគោលបំណងសំខាន់នៃកិច្ចប្រជុំកំពូល ដែលមានរយៈពេល២ថ្ងៃនេះ គឺដើម្បីស្វែងយល់ពីរបៀប ដែលដំណោះស្រាយ AI អាចជួយដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព។

លោកបាននិយាយថា «ហានិភ័យ នៃព័ត៌មានមិនពិត និងភាពលំអៀង តាមរយៈបច្ចេកវិទ្យានេះ ក៏កំពុងត្រូវបានដោះស្រាយ ផងដែរ»។

មន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាតិកំពុងស្ថិតក្នុងការប្រណាំងប្រជែងនឹងពេលវេលា ដើម្បីទាញយកថាមពល ដែលលេចចេញជារូបរាងដ៏ធំ នៃបញ្ញាសិប្បនិមិត្ត ដើម្បីជាប្រយោជន៍ទាំងអស់គ្នា ប៉ុន្តែ ក៏មានហានិភ័យដ៏ធ្ងន់ធ្ងរ។

លោកស្រី Doreen Bogdan-Martin ប្រធានសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់អង្គការសហប្រជាជាតិបាននិយាយថា «ការវិវឌ្ឍន៍ថ្មីៗ នៅក្នុង AI មិនមែនជារឿងប្លែក ខុសពីធម្មតា នោះទេ»។
លោកស្រីជឿថា យើងមានឱកាសម្តង ក្នុងមួយជំនាន់ ដើម្បីណែនាំ AI ផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ នៃពិភពលោក។ ប៉ុន្តែលោកស្រីសោកស្ដាយដែរថា មួយភាគបីនៃមនុស្សជាតិ នៅតែគ្មានអ៊ីនធឺណិតប្រើប្រាស់ ហើយបានដកខ្លួនចេញពីបដិវត្តន៍ AI ដោយស្វ័យប្រវត្ថិ។

យ៉ាងណាមិញ លោកស្រី Bogdan-Martin បានគូសបញ្ជាក់ថា AI មានសក្តានុពលដ៏ធំធេងសម្រាប់ ទាំងរឿងល្អ និងរឿងអាក្រក់ ដោយសង្កត់ធ្ងន់ថា វាមានសារៈសំខាន់ណាស់ ក្នុងការ «ធ្វើឱ្យប្រព័ន្ធ AI មានសុវត្ថិភាព»។ លោកស្រីបានសាទរនឹងរដ្ឋាភិបាលប្រទេសនានា ថ្មីៗនេះ បានប្រឹងប្រែងបង្កើតការការពារ និងបទប្បញ្ញត្តិ ជុំវិញការប្រើប្រាស់ AI ។

នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក OpenAI លោក Sam Altman បានទទួលស្គាល់ពីបញ្ហាសុវត្ថិភាពនេះ។ លោកបានប្រាប់ថា Cyber-Security គឺជាបញ្ហាធំបំផុត ដែលផ្តល់ភាពអវិជ្ជមាននៃបច្ចេកវិទ្យា។ លោកបានទទូចថា តាមទស្សនៈ នៃបច្ចេកវិទ្យាថ្មីៗវិវឌ្ឍន៍ ជាប្រវត្តិសាស្ត្រ ប្រព័ន្ធ AI ត្រូវតែមានសុវត្ថិភាព និងរឹងមាំ៕

ប្រភព៖ AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner