វៀតណាមសង់ផ្លូវរថភ្លើងក្រោមដីជិត១០០គ.ម ថ្លៃ១៤ពាន់លានដុល្លារ

កាសែត VNexpress បានចេញផ្សាយថា ប្រទេសវៀតណាមបានប្រកាសពីគម្រោងចំណាយ ១៤,៦ពាន់លានដុល្លារអាមេរិក សាងសង់បណ្តាញរថភ្លើងក្រោមដី ឬ Metro នៅក្នុងទីក្រុងហាណូយ ប្រវែង ជិត១០០គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០៣០ សម្រាប់ដំណាក់កាលទី១ ហើយគ្រោងនឹងបន្ត ដំណាក់កាលទី២ ដែលមានប្រវែងសរុប រហូតដល់ ៥៥០គីឡូម៉ែត្រ នៅត្រឹមឆ្នាំ២០៤៥។

គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បាននិយាយថា អាជ្ញាធរ និងដៃគូជាប់កិច្ចសន្យា កំពុងតែខិតខំបញ្ចប់ការសាងសង់ និងបើកដំណើរការផ្លូវដែកប្រវែង ៨៦,៨ គីឡូម៉ែត្រ មួយខ្សែនេះ។

ប្រភពបានបន្តថា រថភ្លើងក្រោមដីនេះ នឹងក្លាយជា Metro ដំបូងគេ ជាប្រវត្តិសាស្ត្រ របស់ទីក្រុងហាណូយ ដែលជាឆ្អឹងខ្នង នៃបណ្តាញដឹកជញ្ជូនសាធារណៈ របស់ក្រុងមួយនេះ។ ប្រភពបានបន្តថា នៅពេលសាងសង់រួចរាល់ Metro ប្រវែងជិត១០០គីឡូម៉ែត្រមួយខ្សែនេះ អាចគ្របដណ្តប់សេវាកម្មដឹកជញ្ជូនសាធារណៈ ៧ភាគរយ ក្នុងចំណោមសេវាកម្មផ្សេងៗសរុប ដោយគ្រោងផ្តល់ជូន នូវការធ្វើដំណើរ រហូតដល់ ២លាន៦សែនដង ក្នុងមួយថ្ងៃ។ នេះបើយោងតាមផែនការ របស់គណៈកម្មាធិការ។

បច្ចុប្បន្ន ហាណូយ មានផ្លូវរថភ្លើងក្រោមដី ត្រឹមតែ ១៣គីឡូម៉ែត្រប៉ុណ្ណោះ ភ្ជាប់ រវាងស្ថានីយ៍ Cat Linh និង Ha Dong ដែលកំពុងបម្រើសេវាកម្មដឹកអ្នកដំណើរប្រហែល ៣ម៉ឺន៥ពាន់នាក់ ជាប្រចាំថ្ងៃ ដែលភាគច្រើន ជាសិស្ស និស្សិត ទៅសិក្សា និងបុគ្គលិកធ្វើការ។ ប៉ុន្តែ របាយការណ៍ចុងក្រោយបង្ហាញថា គម្រោងសាងសង់ Metro ជាង១២គីឡូម៉ែត្រ បន្ថែមទៀត រវាងស្ថានីយ៍ Nhon និងស្ថានីយ Hanoi ដំណើរការ ជិតរួចរាល់ហើយ នេះបើតាម VNexpress ដដែល៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner