ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការរៀបចំក្រុងឱ្យមានសោភ័ណភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជីវិតមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានក្សេមក្សាន្តសម្រាប់ពលរដ្ឋគ្រប់រូប
ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងថា យើងត្រូវរៀបចំក្រុងឱ្យមានសោភ័ណភាព មានលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនា សម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងបែបនេះក្នុងវេទិកាជាតិលើកទី២ ស្តីពី “ទីក្រុង និងលំនៅឋាន” ក្រោមមូលបទ “ទីក្រុងឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន” នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
ឯកឧត្តម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម បានឲ្យដឹងថា អគ្គនាយកដ្ឋានរៀបចំដែនដីនិងនគរូបនីយកម្ម បានបន្តពង្រឹងនិងពង្រីកការរៀបចំ ផែនការអភិវឌ្ឍរូបវ័ន្តដោយធ្វើសមាហរណកម្មជាមួយហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈទាំងទីក្រុង និងជនបទ ជំរុញការរៀបចំការងារកសាងផែនការប្រើប្រាស់ដី ប្លង់គោលប្រើប្រាស់ដីប្លង់មេ ទីតាំងរដ្ឋបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងទីជនបទ ទីក្រុង ពង្រឹងការងាររៀបចំផែនការប្រើប្រាស់ដី ប្លង់គោលប្រើប្រាស់ដី តាមវិធានជាទីក្រុងឆ្លាត និងគួរឱ្យចង់រស់នៅ សម្រាប់ទាក់ទាញអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្កើត និងបង្កើនការងារជូនដល់ប្រជាពលរដ្ឋ ជំរុញការកសាង និងការបង្កើនសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងវិស័យរៀបចំដែនដី និងនគរូបនីយកម្ម និងការបើកចំហទទួលយកការចូលរួមពីវិស័យ ឯកជន និងគ្រឹះស្ថានសិក្សាអប់រំ លើការងាររៀបចំដែនដី និងនគរូបនីយកម្មក្នុងគោលដៅពង្រឹង និងបង្កើន គុណភាពការងាររៀបចំដែនដី និងនគរូបនីយកម្ម។
ឯកឧត្តមអគ្គនាយកបន្តថា វេទិកានេះ សម្រាប់កិច្ចសន្ទនាពហុភាគី ដើម្បីពិភាក្សា និងឯកភាពគ្នា លើគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រ និងធ្វើអាទិភាពកម្មវិធីដែលប្រទាក់ក្រឡាគ្នា ក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុង និងលំនៅឋានប្រកបដោយភាពឆ្លាត បៃតង មានភាពធន់ និងប្រកបដោយបរិយាបន្ន។ ហើយក៏ជាឱកាសសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសសម្រាប់វិស័យរៀបចំដែនដី នគរូបនី យកម្ម និងលំនៅឋាន ទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់កែលម្អ ធ្វើឱ្យកាន់តែប្រសើរឡើង និងកាន់តែមានប្រសិទ្ធភាពដល់ការងារកសាងគោលនយោបាយ ឯកសារគតិយុត្ត និងការងារអនុវត្តជាក់ស្តែងពាក់ព័ន្ធវិស័យ រៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋាន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថាកម្ពុជាបាននិងកំពុងបើកទំព័រសហសម័យថ្មីរបស់ខ្លួនក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ។ ការជួបជុំគ្នានាពេលនេះ គឺដើម្បីជជែកពិភាក្សាអំពីលទ្ធភាពក្នុងការអនុវត្តការងារជាក់ស្ដែង គិតគូរឱ្យចំគោលដៅ និងធ្វើឱ្យបានត្រឹមត្រូវឆ្ពោះទៅមុខ ដោយមិនអាចបកក្រោយ និងមិនអាចខ្ជះខ្ជាយពេលវេលានិងធនធាននោះឡើយ ។
ឯកឧត្តមបន្តថា យើងត្រូវរៀបចំទីក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចរបស់យើង ដូចជា តំបន់ឆ្នេរ តំបន់ភាគឦសាន រាជធានីភ្នំពេញ តំបន់ខាងជើងបឹងទន្លេសាប ដោយត្រូវពិនិត្យមើលថាតើសក្តានុពលនៃតំបន់នីមួយៗមានអ្វីខ្លះ រួចត្រូវគិតគូររៀបចំការអភិវឌ្ឍទីក្រុង និងលំនៅឋានស្របតាមសក្ដានុលនៃតំបន់នីមួយៗ និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចប្រើប្រាស់បានយូរអង្វែង ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស លើកស្ទួយកំណើនសេដ្ឋកិច្ចជាតិ និងបង្កើនជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមានបំណងចង់ប្រែក្លាយរាជធានីភ្នំពេញ ទីក្រុងកែប កំពត សៀមរាប និងក្រចេះ ជាទីក្រុងដែលមានភាពស្មើមុខស្មើមាត់ជាមួយទីក្រុងក្នុងតំបន់អាស៊ាន នាឆ្នាំ២០៥០ រួមទាំងផ្ដល់នូវសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងប្រទេស រស់នៅពោរពេញដោយមោទនភាព ក៏ដូចជាមានប្រជាជនក្នុងតំបន់ និងពិភពលោកចង់មករស់នៅក្នុងទីក្រុងនានានៃប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា វេទិកាជាតិលើកទី២ ស្ដីពីទីក្រុងនិងលំនៅឋាន ជាវេទិកាសម្រាប់កិច្ចសន្ទនាពហុភាគីដើម្បីពិភាក្សា និងឯកភាពគ្នាលើគោលនយោបាយអាទិភាពជាយុទ្ធសាស្ត្រ និងធ្វើអាទិភាពកម្មវិធីដែលប្រទាក់ក្រឡាគ្នាក្នុងគោលដៅឆ្ពោះទៅរកការអភិវឌ្ឍទីក្រុងនិងលំនៅឋានប្រកបដោយភាពឆ្លាត បៃតង មានភាពធន់ និងបរិយាបន្ន ។
វេទិកានេះ ក៏ជាឱកាសសម្រាប់ក្រសួង ជាពិសេសសម្រាប់វិស័យរៀបចំដែនដី នគរូបនីយកម្ម និងលំនៅឋាន ទទួលបាននូវធាតុចូលថ្មីៗបន្ថែមទៀត សម្រាប់ធ្វើឱ្យប្រសើរឡើងការងារកសាងគោលនយោបាយ ឯកសារគតិយុត្តិ និងអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ៕
ដោយ / គ្រី សម្បត្តិ







