សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យ ឯកអគ្គរាជទូតអង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដើម្បីជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើង

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ដូមីនីក វីលៀមស៍ (Dominic Williams) ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានលើកទឹកចិត្តឱ្យ ឯកអគ្គរាជទូត អង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ដើម្បី ជំរុញទំហំពាណិជ្ជកម្មឱ្យមានការកើនឡើង ។

ឯកឧត្តម ក៏បានជម្រាបជូនសម្ដេចតេជោ អំការចុះហត្ថលេខារវាងចក្រភពអង់គ្លេស ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតង ថាមពលករកើតឡើងវិញ និងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត មើលឃើញថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏មានការកើនឡើងជាបន្តបន្ទាប់ និងមានការបង្កើតវេទិកាវិនិយោគ ដើម្បីទាក់ទាញការវិនិយោគពីអង់គ្លេសមកកម្ពុជាផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងក្ដីរីករាយដែលចក្រភពអង់គ្លេស បានសម្រេចតាមបំណងរបស់សម្ដេច បើកសាកលវិទ្យាល័យមួយនៅក្នុងប្រទេសកម្ពុជា ពីព្រោះថា កន្លងទៅនេះ មាននិស្សិតកម្ពុជាមួយចំនួន បានទៅសិក្សានៅអង់គ្លេស តែពេលនេះ គឺមានសាកលវិទ្យាល័យចក្រភពអង់គ្លេសនៅកម្ពុជាតែម្ដង ដែលនឹងកាន់តែមានភាពងាយស្រួល ពិសេស កាត់បន្ថយការចំណាយរបស់និស្សិត ។ អ្វីដែលគួរឲ្យគាត់សម្គាល់មួយទៀត គឺការបង្កើតឧទ្យានឧស្សាហកម្មបៃតង ដែលកន្លងមក យើងមានការវិនិយោគដោយកូរ៉េ ដោយជប៉ុន តែឥឡូវនេះ គឺយើងនឹងមានការវិនិយោគដោយចក្រភពអង់គ្លេសបន្ថែមទៀត ក្នុងការវិនិយោគឧស្សាហកម្មបៃតងនេះ ។

ទាក់ទងទៅនឹងវេទិកាវិនិយោគកម្ពុជា-អង់គ្លេស សម្ដេចតេជោ បានលើកឡើងថា ថ្នាក់ដឹកនាំអង់គ្លេស បានបញ្ជាក់ថា ទោះបីអង់គ្លេស ចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ ក៏ប៉ុន្តែគោលនយោបាយរបស់អង់គ្លេសចំពោះកម្ពុជា មិនមានការប្រែប្រួលនោះទេ។ សម្ដេច បានលើកទឹកចិត្តឲ្យឯកអគ្គរាជទូតអង់គ្លេស បន្តធ្វើការជាមួយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត លើវិស័យពាណិជ្ជកម្ម និងការវិនិយោគនេះ ដើម្បីជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើតឡើង ។

ឯកឧត្តម ឯកអគ្គរាជទូតអង់គ្លេស មានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី គឺមានថាមពលខ្លាំង មានសកម្មភាពមមាញឹក ដែលផ្ដោតសំខាន់ទៅលើបញ្ហាពាណិជ្ជកម្ម និងការវិនិយោគ ហើយអង់គ្លេស ក៏មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយកម្ពុជា ហើយចក្រភពអង់គ្លេស នឹងជួយឱ្យការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ មានស្ថិរភាព មានសន្តិសុខ មានសន្តិភាព និងគាំទ្ររដ្ឋាភិបាលថ្មី ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន ។

សម្ដេចតេជោ បានបញ្ជាក់ថា ការផ្ទេរអំណាចទៅអ្នកជំនាន់ក្រោយនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះថា រាជរដ្ឋាភិបាលថ្មី គឺសុទ្ធតែជាកម្លាំងវ័យក្មេង ហើយសុទ្ធសឹងជាធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឲ្យរីកចម្រើនបន្តទៀតនាពេលខាងមុខ។ សម្ដេច ក៏បានស្នើឲ្យឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ជួយក្នុងបញ្ហាអធិការកិច្ច ដោយផ្ដល់នូវបច្ចេកវិទ្យាទំនើប ក្នុងការគ្រប់គ្រងធនធានមនុស្ស ក៏ដូចជាបច្ចេកវិទ្យាក្នុងការគ្រប់គ្រងអំពើអសកម្មផ្សេងៗជាដើម ។

សម្ដេចតេជោ និង ឯកឧត្តមឯកអគ្គរាជទូតអង់គ្លេស ក៏បានពិភាក្សាគ្នាផងដែរអំពីសភាពការណ៍នៅមីយ៉ាន់ម៉ា ដំណោះស្រាយ និងវិបត្តិនៅរុស្ស៊ី និងអ៊ុយក្រែន សភាពការណ៍នៅមជ្ឈឹមបូព៌ា និងពិភាក្សាពីសភាពការណ៍សមុទ្រចិនខាងត្បូងផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ បានចាត់ទុកសភាពការណ៍តំបន់សមុទ្រចិនខាងត្បូង នាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាននោះទេ ដែលពេលនោះ កម្ពុជា គ្រោងនឹងធ្វើឱ្យសម្រេចនូវកិច្ចព្រមព្រៀង COC តែមិនអាចសម្រេចបានឡើយ ។ សម្ដេចបានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូង មិនមែនជាបញ្ហារវាងអាស៊ាន និងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធ ត្រូវធ្វើការសម្របសម្រួលគ្នា។ ភាគីទាំងអស់ ត្រូវគោរព DOC ឲ្យបានខ្ជាប់ខ្ជួន មានការអត់ធ្មត់ ហើយប្រទេសពាក់ព័ន្ធត្រូវសម្របសម្រួលគ្នា។

សម្ដេចតេជោក៏បានបង្ហាញកង្វល់ផងដែរអំពីយុទ្ធសាស្ត្រដ៏សំបូរបែបពីបណ្ដាប្រទេសផ្សេងៗនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមមាន៖ យុទ្ធសាស្ត្ររបស់ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។ តែទោះជាយ៉ាងនេះក៏ដោយ កម្ពុជា មានគោលជំហរមួយ គឺរាល់យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក ត្រូវបម្រើឱ្យសន្តិភាព និងការអភិវឌ្ឍ មិនប្រឆាំងនឹងប្រទេសណាមួយ នឹងត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។ សម្ដេច ក៏បានអរគុណចំពោះដៃគូរបស់អាស៊ានទាំងអស់ ដែលបានគោរពមជ្ឈភាពអាស៊ានកន្លងមក ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ ផេកសម្ដេចតេជោ, វីដេអូ៖ វ៉េង លីមហួត និងសួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner