ជប៉ុនពង្រាយឧបករណ៍ GPU អគ្គិសិនី នៅព្រលានយន្តហោះ
ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន Japan Airlines បានដាក់ពង្រាយ ឧបករណ៍ GPU អគ្គិសនី ឬ eGPU ដំបូងគេបង្អស់ ក្នុងពិភពលោក នៅឯអាកាសយានដ្ឋាន ក្នុងទីក្រុង Matsuyama នៃកោះ Shikoku។ នេះបើតាមគេហទំព័រ Aerotime កាលពីពេលថ្មីៗនេះ។ គំនិតផ្តួចផ្តើមនេះគឺដើម្បីកាត់បន្ថយកាបូនឌីអុកស៊ីត និងខ្យល់ពុល។
ជាធម្មតាយន្តហោះត្រូវបានបំពាក់ដោយអង្គថាមពលជំនួយ ឬ APU ដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនី សម្រាប់ម៉ាស៊ីនត្រជាក់យន្តហោះនៅពេលចត។ ប៉ុន្តែ APU បង្កើតបរិមាណឧស្ម័នផ្សងយ៉ាងច្រើន រួមទាំងកាបូនឌីអុកស៊ីត (CO2) និងសំលេងរំខាន។ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅអាកាសយានដ្ឋាន និងកាត់បន្ថយការប្រើប្រាស់ឥន្ធនៈអាកាសចរណ៍ក្នុងអំឡុងពេលយន្តហោះចត ឧបករណ៍ GPU អេឡិចត្រូនិក ត្រូវបានដាក់ឲ្យប្រើប្រាស់ជំនួស APU។
ក្រុមហ៊ុន JAL បានឲ្យដឹងថា ឧបករណ៍ GPU អគ្គិសនី ត្រូវបានផលិតដោយក្រុមហ៊ុន Tamagawa Aero ដែលមានមូលដ្ឋាន នៅទីក្រុងតូក្យូ ដំណើរការដោយអាគុយ lithium-ion ហើយត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការបំភាយឧស្ម័ន CO2 និងការបំពុលសំឡេងយ៉ាងខ្លាំង ជាងឧបករណ៍ GPU ធម្មតា ដែលដំណើរការប្រេងម៉ាស៊ូត។ ក្រុមហ៊ុនបានបញ្ជាក់ថា ការបញ្ចេញ CO2 នឹងត្រូវបានកាត់បន្ថយទាំងស្រុង ខណៈដែលកម្រិតសំឡេងរំខាន នឹងថយចុះប្រហែល៣០% ។
ឧបករណ៍ GPU អេឡិចត្រូនិកនេះ មានសមត្ថភាពផ្គត់ផ្គង់អគ្គិសនីសម្រាប់ ១៤ យន្តហោះប្រភេទ Boeing 737-800 បន្តបន្តបន្ទាប់គ្នា។ ក្រុមហ៊ុន Japan Airlines កំពុងពិចារណាបន្ថែមឧបករណ៍ eGPU អគ្គិសនី ប្រភេទនេះ នៅគ្រប់អាកាសយានដ្ឋាន ទូទាំងប្រទេសជប៉ុន។ នេះបើតាមគេហទំព័រ Aerotime។
រហូតមកដល់ពេលនេះ ឧបករណ៍នេះចំនួនជាង ៤០០គ្រឿងត្រូវបានដាក់ពង្រាយនៅទូទាំងពិភពលោក៕
ប្រែសម្រួល៖ សារ៉ាត