ផ្ទុះភ្នំភ្លើងនៅហ្វីលីពីន អាជ្ញាធរត្រៀមជម្លៀសប្រជាជនរាប់រយគ្រួសារ

ម៉ានីល៖ ទីភ្នាក់ងារភ្នំភ្លើងហ្វីលីពីនបានរាយការណ៍ថា កម្រិតប្រកាសអាសន្នបានបន្លឺឡើង កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីភ្នំភ្លើងមួយបានផ្ទុះឡើងយ៉ាងកក្រើក ដោយវាបានបញ្ចេញផេះ ឧស្ម័ន និងកម្ទេចកំទីថ្មក្នុងចម្ងាយ ៥គីឡូម៉ែត្រទៅលើផ្ទៃមេឃ។

ភ្នំ Kanlaon ដែលស្ថិតនៅចន្លោះខេត្ត Negros Oriental និង Negros Occidental បានផ្ទុះឡើងរយៈពេល ៦នាទីមុនម៉ោង ៧យប់ថ្ងៃចន្ទ (ម៉ោងក្នុងតំបន់) ជំរុញឱ្យមានការព្រមានដល់ប្រជាជនរស់នៅក្បែរភ្នំភ្លើងនោះ ឱ្យពាក់ម៉ាស់ការពារ ពីការគំរាមកំហែងនៃឧស្ម័នភ្នំភ្លើង និងផេះ។

មន្ត្រីជួយសង្គ្រោះក្នុងតំបន់បាននិយាយថា ពួកគេមានគម្រោងជម្លៀសប្រជាជនប្រហែល ៥០០គ្រួសារចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលស្ថិតនៅជិតភ្នំភ្លើងបំផុត ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ទីភ្នាក់ងារភ្នំភ្លើងហ្វីលីពីន ក៏បាននិយាយដែរថា អ្នកបើកយន្តហោះគួរតែជៀសវាងការហោះហើរទៅជិតភ្នំភ្លើង ព្រោះផ្សែង និងផេះ អាចបង្កគ្រោះថ្នាក់ដល់យន្តហោះរបស់ពួកគេ។

ប្រទេសហ្វីលីពីនស្ថិតនៅក្នុងតំបន់ “ក្រវ៉ាត់ភ្លើង” ឬ “Ring of Fire” នៃមហាសមុទ្រប៉ាស៊ីហ្វិក ជាកន្លែងដែលសកម្មភាពភ្នំភ្លើង និងរញ្ជួយដីកើតមានជាញឹកញាប់។ ហើយ Kanlaon គឺជាភ្នំភ្លើងសកម្មមួយ ក្នុងចំណោមភ្នំភ្លើងសកម្មចំនួន ២៤ នៅក្នុងប្រទេសប្រជុំកោះមួយនេះ។

សូមរម្លឹកផងដែរថា ការផ្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាបំផុតនៅក្នុងប្រទេសហ្វីលីពីន កាលពីប៉ុន្មានឆ្នាំថ្មីៗនេះ គឺការផ្ទុះភ្នំភ្លើង Pinatubo ក្នុងឆ្នាំ១៩៩១ មានចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ានីល ដែលបានឆក់យកអាយុជីវិតមនុស្សរហូតដល់ ៨០០នាក់៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner