ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ជំរុញមន្ត្រីឱ្យបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាព ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំរុញឱ្យមន្ត្រីបន្តអភិវឌ្ឍសមត្ថភាព ខិតខំប្រឹងប្រែងបំពេញបន្ថែមនូវចំណុចខ្វះខាត ដើម្បីរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត និងស្របទៅនឹងការវិវត្តសេដ្ឋកិច្ចសង្គមកម្ពុជានាពេលខាងមុខ។
នេះជាប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ថ្លែងនាកិច្ចប្រជុំជីវភាពថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍បន្តថា កម្ពុជាជាប្រទេសដែលទើបតែងើបផុតពីភ្នក់ភ្លើងនៃសង្គ្រាម ដូច្នេះយើងទាំងអស់គ្នាគប្បីនាំគ្នាកសាងប្រទេសជាតិឱ្យក្លាយជាភូមិឋានក្សេមក្សាន្ត។
យើងត្រូវរៀបចំក្រុងដោយផ្អែកទៅតាមសក្តានុពលសេដ្ឋកិច្ចតំបន់ដូចជាតំបន់ឆ្នេរ តំបន់ភាគឦសាន តំបន់បឹងទន្លេសាប និងតំបន់សេដ្ឋកិច្ចពិសេសតាមបណ្តោយព្រំដែនជាដើម ដើម្បីស្រូបចំណូលចូលថវិកាជាតិ ថែរក្សាការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដី ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពប្រជាជន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជំរុញការងាររៀបចំក្រុងឱ្យមានសោភ័ណភាព មានលំហសាធារណៈសម្រាប់ប្រជាពលរដ្ឋហាត់ប្រាណដើម្បីសុខភាព មានខឿនសេដ្ឋកិច្ចរឹងមាំ ជាទីក្រុងដែលមានជីវិត ក្នុងនោះមានវប្បធម៌ អរិយធម៌ ទំនៀមទំលាប់ និងជាភូមិឋានដ៏ក្សេមក្សាន្ត ប្រកបដោយមនោសញ្ចេតនាសម្រាប់ពលរដ្ឋកម្ពុជាគ្រប់រូប។ លើសពីនេះ លោកបានបន្តជំរុញការងារកសាងលំនៅឋានតម្លៃសមរម្យ មានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យប្រជាពលរដ្ឋងាយស្រួលរស់នៅ និងធ្វើឱ្យពលរដ្ឋបរទេសទាំងក្នុងតំបន់ និងពិភពលោកមានបំណងប្រាថ្នាចង់មករស់នៅលើទឹកដីកម្ពុជាដ៏ស្រស់ត្រកាលក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព៕




ដោយ / គ្រី សម្បត្តិ