វៀតណាម ឈរលើតារាង មេដាយ នៃការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន អាស៊ានលើកទី៤៣ ក្នុងថ្ងៃទី១
គិតត្រឹមថ្ងៃទី១ វៀតណាម ដណ្តើម ច្រើនជាងគេនៃព្រឹត្តិការណ៍ប្រកួតកីឡា ហែលទឹក ជ្រើស រើស ជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី៤៣ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋាន ជាតិ មរតកតេជោ ។
ក្នុងនោះ វៀតណាម ដណ្តើមមេដាយច្រើនជាងគេ សរុប១៥គ្រឿង មាស៥ ប្រាក់៧ និងសំរិទ្ធ៣គ្រឿង លេខ២ ថៃ ដណ្តើមមេដាយសរុប ៧គ្រឿង មាស៣ ប្រាក់២ និងសំរិទ្ធ២គ្រឿង លេខ៣ ឥណ្ឌូនេស៊ី ដណ្តើមមេដាយសរុប៤គ្រឿង មាស៥ ប្រាក់១ និងសំរិទ្ធ១គ្រឿង ។ សិង្ហបូរីឈរលេខ៤ ដណ្តើមមេដាយសរុប៦គ្រឿង មាស២ និងសំរិទ្ធ៤គ្រឿង លេខ៥ ហ្វីលីពីន ដណ្តើមមេដាយសរុប៣គ្រឿង មាស១ ប្រាក់១ និងសំរិទ្ធ១គ្រឿង និងម៉ាឡេស៊ី លេខ៦ ដណ្តើមមេដាយសរុប៤គ្រឿង ប្រាក់២ និងសំរិទ្ធ២គ្រឿង ។ ខណៈ ប្រ៊ុយណេ ឡាវ និងម្ចាស់ផ្ទះកម្ពុជា មិនទទួលបានមេដាយនៅឡើយទេ ។
តាមការបញ្ជាក់ពី លោក ហែម គីរី បានអោយដឹងថា គោលបំណងសំខាន់ការធ្វើម្ចាស់ផ្ទះនេះ គឺពង្រឹងសមត្ថភាពមន្រ្តីរបស់សហព័ន្ធ ក្នុងការរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ ក្រោយពីខកខានការរៀបចំតាំងពីឆ្នាំ១៩៦៧ ជាម្ចាស់ផ្ទះកីឡា Games Garnefo អាស៊ី លើកទី១ ។ ចំណុចមួយទៀត ក៏ចង់ឱ្យបណ្តាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ មើលឃើញពីការរីកចម្រើនរបស់កម្ពុជា លើគ្រប់វិស័យ ជាពិសេសវិស័យកីឡាតែម្តង ។ លោក បន្ថែមទៀតថា ការរៀបចំនេះដែរ សហព័ន្ធចង់ដឹង និងស្វែងយល់ពី ចំនុចខ្វះខាត យកទៅមកែសម្រួលនូវចំនុចខ្វះចន្លោះ ដើម្បីត្រៀមលក្ខណៈទទួលរៀបចំ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី៤៣ នៅព្រះរាជាណា ចក្រកម្ពុជា ឆ្នាំ២០១៩នេះមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនី ចូលរួមមាន ៤០៨នាក់ ក្នុង នោះមានកីឡាករ សរុបចំនួន ១៦៨នាក់ និងកីឡាការិនី សរុបចំនួន ១៤៩នាក់ ដែលដំណើរ ការនេះ ទទួលបានការឧបត្ថម្ភផ្ទាល់ ពីក្រសួងសាធារណការ និងដឹកជញ្ជូន, សហការពីក្រុមហ៊ុនខ្មែរប្រ៊ូវើរី, ក្រសួងអប់រំ យុវជន និងកីឡា, គណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជា និងស្ថាប័នជាច្រើនទៀត ៕





