សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជា
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាល ធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ី ដែលកំពុងខ្វះកម្លាំងពលកម្ម ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម ស្យាហារ៉ូឌីន ប៊ីន អ៊ន(Shaharuddin Bin Onn) ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សង្ឃឹមថា ឯកឧត្តមអគ្គរាជទូត និងខិតខំបន្តជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យបានកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ សម្ដេចតេជោក៏សូមសម្ដែងនូវការចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ ឯកឧត្តម Datuk Mutang Tagal ដែលជាប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ដែលបានទទួលមរណភាពកាលពីថ្ងៃទី១០ ខែឧសភាកន្លងទៅនេះ ។ សម្តេចប្រធាន ក៏បានរម្លឹកពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម Anwar Ibrahimនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅកម្ពុជា កាលពីដើមឆ្នាំ២០២៣ និងបានអញ្ជើញសម្តេចទៅទស្សនកិច្ចនៅម៉ាឡេស៊ីវិញនាពេលនោះ។ បើទោះបីជាសម្តេចពុំបានឆ្លើយតបទៅនឹងការអញ្ជើញរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដោយសារកត្តាពេលវេលា ប៉ុន្តែនៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ដែលជាការបង្ហាញពីការបន្តទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ីមិនដាច់រយៈដោយបន្តពីថ្នាក់ដឹកនាំចាស់ មកថ្នាក់ដឹកនាំថ្មី។

ឯកឧត្តមអគ្គរាជទូត បានលើកឡើងថា សម្ដេចតេជោ បានសម្រេចនូវសមិទ្ធផលដ៏ធំធេង ជាពិសេស សុខសន្តិភាព និង ជាអ្នកប្រែក្លាយប្រទេសកម្ពុជា ពីភាពដុនដាប មកជាប្រទេសដែលមានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអគ្គរាជទូត បានបង្ហាញនូវការវាយតម្លៃខ្ពស់លើទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី និងប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា ជាពិសេស បន្តអនុវត្តនូវគម្រោងនៃកិច្ចសហប្រតិបត្តិការដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីចុងខែកុម្ភៈកន្លងទៅ ដូចជាវិស័យពាណិជ្ជកម្ម និងវិនិយោគ ការងារនិងការអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ (TVET) ការតភ្ជាប់ បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មអាហារហាឡាល់ (Halal)។ ឯកឧត្តម ក៏បានបញ្ជាក់ជូនសម្តេចតេជោ បន្ថែមផងដែរថា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល រវាងអ្នកវិនិយោគ និងថ្នាក់ដឹកនាំធុរកិច្ច និងរវាងប្រជាជននៃប្រទេសទាំងពីរ គឺមានការរីកចម្រើនល្អប្រសើរ និងត្រូវតែពង្រឹងបន្ថែមទៀត ។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការពេញចិត្ត និងមោទនភាព ដែលក្នុងរយៈពេលនៃការដឹកនាំរបស់សម្តេច ក្នុងឋានៈជានាយករដ្ឋមន្ត្រី បានចូលរួមកសាង និងពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរ រហូតបានក្លាយជាមូលដ្ឋានសម្រាប់ការបន្តជំរុញកិច្ចសហប្រតិបត្តិការដល់ថ្នាក់ដឹកនាំជំនាន់ថ្មី ក៏ដូចជាអ្នកនយោបាយនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ ។ សម្ដេច និងថ្នាក់ដឹកនាំជំនាន់ចាស់ដទៃទៀត បានចាកចេញពីស្ថាប័ននីតិប្រតិបត្តិ តែពុំបានទៅណាឆ្ងាយនោះទេ ដោយមួយចំនួនស្ថិតនៅក្នុងព្រឹទ្ធសភា និង រដ្ឋសភា ហើយនៅតែធ្វើការជាប់នឹងនយោបាយដែលមានលទ្ធភាពក្នុងការជួយជំរុញឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែប្រសើរឡើង។

សម្តេចប្រធាន ពេញចិត្តចំពោះកំណើនការវិនិយោគពីម៉ាឡេស៊ី និងកំណើនទំហំពាណិជ្ជកម្មទ្វេភាគី ជាពិសេសគឺការទិញអង្ករពីកម្ពុជា ដែលជួយដល់កសិករកម្ពុជាខិតខំដាំដុះបន្ថែមទៀត និង ដល់សន្តិសុខស្បៀងរបស់ម៉ាឡេស៊ី ។ សម្តេច លើកទឹកចិត្តឱ្យមានការជំរុញការវិនិយោគនិងផ្លាស់ប្ដូរទំនិញផ្សេងៗទៀត។ សម្ដេចតេជោបានចាត់ទុកថាការដឹកទំនិញតាមផ្លូវទឹករវាងកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែម៉ាឡេស៊ីនៅជិតគ្នាណាស់ ដែលផ្ដល់ភាពងាយស្រួលក្នុងការដឹកទំនិញចេញចូលតាមផ្លូវទឹក។ កាលពីខែមីនា ឆ្នាំ២០២៣ សម្តេច និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានពិភាក្សាពីការតភ្ជាប់ខ្សែកាបក្រោមបាតសមុទ្រដែលឆ្លងកាត់បាតសមុទ្រម៉ាឡេស៊ី ដើម្បីបញ្ជូនអគ្គិសនីពីកម្ពុជា ទៅសឹង្ហបុរី។ ដូច្នេះ កម្ពុជា និងម៉ាឡេស៊ី នឹងមានការតភ្ជាប់ការដឹកជញ្ជូន ការតភ្ជាប់ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់ថាមពល ដើម្បីធានាសន្តិសុខថាមពល ដល់ម៉ាឡេស៊ីផង និងអាស៊ានផង។ ម៉ាឡេស៊ីទិញអង្ករពីកម្ពុជា បានជួយដល់សេដ្ឋកិច្ចកម្ពុជា និងធានាសន្តិសុខស្បៀងម៉ាឡេស៊ី ហើយកម្ពុជាក៏ទិញប្រេងដូងពីម៉ាឡេស៊ីវិញ នេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមក។

ទាក់ទងទៅនឹងឧស្សាហកម្មម្ហូបហាឡាល់ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ យើងពុំទាន់ជោគជ័យនៅឡើយទេ ហើយថ្មីៗនេះក្នុងឱកាសបំពេញទស្សនកិច្ចរបស់សម្ដេចធិបតីទៅម៉ាឡេស៊ី ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពឱ្យក្រសួងពាណិជ្ជកម្មនៃប្រទេសទាំងពីរជំរុញការផលិតម្ហូបអាហារហាឡាល់នេះ ដោយសហការជាមួយវិស័យឯកជន។ សម្តេច បានបន្ថែមថា កម្ពុជាមានសក្តានុពលក្នុងវិស័យនេះ ហើយម៉ាឡេស៊ី ក៏ចង់ជួយសេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំចេញអាហារហាឡាល់នេះទៅក្រៅប្រទេស ដូចនេះហើយ សម្តេចពិតជាចង់ឃើញ គម្រោងនេះសម្រេចជោគជ័យជាក់ស្តែងនាពេលខាងមុខដ៏ខ្លី។
សម្ដេចតេជោ បានរំលឹកពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា, ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ស្ថិតស្ថេរ និងកំណើនសេដ្ឋកិច្ច នៅតែបន្តកើនឡើង។ ឆ្នាំនេះកម្ពុជាសង្ឃឹមថា កំណើនសេដ្ឋកិច្ចអាចនឹងឈានដល់៦% ដោយវិស័យឧស្សាហកម្ម និងទេសចរណ៍ជាដើម។ សម្ដេចតេជោបានស្នើឱ្យ ឯកឧត្តមឯកអគ្គរាជទូតបន្តការខិតខំ ពង្រឹងបន្ថែមទៀត ជាពិសេសការសម្រេចឱ្យបាននូវឧស្សាហកម្មម្ហូបហាឡាល់ ដើម្បីផ្គត់ផ្គង់ទៅតំបន់ផ្សេងទៀត។ សម្ដេចតេជោបានផ្ដល់អនុសាសន៍ថា កម្ពុជា បានផ្ដល់អាទិភាពលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបានជំរុញឱ្យភាគីម៉ាឡេស៊ី យកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីបម្រើសេចក្តីត្រូវការរបស់វិនិយោគិនម៉ាឡេស៊ី និងកម្ពុជាផង និងតម្រូវទីផ្សារការងារ នៅប្រទេសម៉ាឡេស៊ីដែលខ្វះពលកម្មនោះផង ។
សម្ដេចតេជោ និង ឯកឧត្តម ឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានឯកភាពគ្នាទៅលើសភាពការណ៍នៅមីយ៉ាន់ម៉ា ដែលនៅតែជាបញ្ហាធំ និងស្មុគស្មាញ សម្រាប់ប្រទេសអាស៊ាន និងជាបន្ទុកដ៏ធំផងដែរសម្រាប់ម៉ាឡេស៊ីដែលធ្វើជាប្រធានអាស៊ាននៅឆ្នាំខាងមុខនេះ។ អំពីបញ្ហានៅមជ្ឈឹមបូព៌ា សម្ដេចតេជោ និងឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី មើលឃើញថា សភាពការណ៍នៅតែតានតឹងនៅឡើយ។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋាភិបាលម៉ាឡេស៊ីនៅតែមានគោលជំហរដដែល គឺបញ្ហានៅមជ្ឈឹមបូព៌ា គឺត្រូវការឱ្យមានបទឈប់បាញ់ ដើម្បីកាត់បន្ថយការបាត់បង់ជីវិតមនុស្ស ។
ឯកឧត្តមឯកអគ្គរាជទូតម៉ាឡេស៊ី ក៏បានស្នើសុំសម្ដេចតេជោទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ។ សម្ដេចតេជោបានឆ្លើយតបថា សម្តេចទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយ នឹងរកពេលវេលាសមស្របណាមួយនៅពេលខាងមុខដើម្បីអញ្ជើញបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ