អ៊ុយក្រែនថា ជំនួយលោកខាងលិច «មិនគ្រប់គ្រាន់» ក្នុងការយកឈ្នះសង្គ្រាម
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា ជំនួយរបស់បណ្តាប្រទេសលោកខាងលិច គឺមិនគ្រប់គ្រាន់ ដើម្បីអាចឲ្យអ៊ុយក្រែន ឈ្នះសង្គ្រាមលើរុស្ស៊ី បាននោះទេ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅប្រទេសស្វីស បន្ទាប់ពីកិច្ចប្រជុំកំពូលការទូតដ៏សំខាន់ ស្តីពីផែនការរបស់ទីក្រុង Kyiv ដើម្បីបញ្ចប់សង្គ្រាម លោក Zelensky ប្រាប់ថា ជំនួយសម្រាប់អ៊ុយក្រែនមាន តែមិនគ្រប់គ្រាន់។ លោកថា ពិតជាមានកញ្ចប់ដ៏ច្រើន ប៉ុន្តែ ជំនួយទាំងនោះ គឺយឺតពេល។
ក្រោយរយៈពេលជាងពីរឆ្នាំ បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន បណ្តាមេដឹកនាំ និងមន្ត្រីកំពូលៗ មកពីជាង ៩០ប្រទេស បានចំណាយពេលចុងសប្តាហ៍ នៅឯរមណីយដ្ឋានភ្នំ របស់ប្រទេសស្វីស សម្រាប់កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃក្នុងគោលបំណងដោះស្រាយជម្លោះនេះ។ សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវបានចាត់ទុកថា ជាសង្គ្រាមនៅអឺរ៉ុបដ៏ធំបំផុត ចាប់តាំងពីសង្គ្រាមលោក លើកទីពីរ មក។
មេដឹកនាំពិភពលោក កាលពីថ្ងៃអាទិត្យ បានគាំទ្រឯករាជ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងកំណត់ឲ្យមានតម្រូវការ សម្រាប់កិច្ចពិភាក្សាជាយថាហេតុណាមួយ ជាមួយរុស្ស៊ីស្តីពីការបញ្ចប់សង្រ្គាម ប៉ុន្តែវេទិកានេះ បានបន្សល់ទុកនូវសំណួរសំខាន់ៗ អំពីរបៀប និងដំណោះស្រាយជាក់លាក់បញ្ចប់បញ្ហា ដោយរបៀបណា៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត