ប្រមុខការទូតសហរដ្ឋអាម៉េរិកធ្វើដំណើរទស្សនកិច្ចទៅកាន់ឥណ្ឌា ស្របពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងវិបត្តិជាមួយអ៊ីរ៉ង់
អត្ថបទដោយ៖
Kien Sereyvuth
សហរដ្ឋអាម៉េរិក៖ រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោក ម៉ៃ ប៉ុមប៉េអូ បានចូលរួមកិច្ចប្រជុំនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌានៅថ្ងៃពុធនេះ ខណៈមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងការដំឡើងពន្ធគយកំពុងកើនឡើង ដែលប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាដៃគូរវាងប្រទេសទាំងពីរ ។

នាឱកាសនោះ រដ្ឋមន្រ្តីការបរទេសអាម៉េរិករូបនេះ បានជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ហើយបន្ទាប់បានជួបប្រជុំជាមួយនឹងសមភាគីរបស់លោកគឺ លោក ចៃសានខា ។

ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក រ៉ាវី ខូម៉ា បានថ្លែងថា លោក ប៉ុមប៉េអូ និងលោក ម៉ូឌី បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ពាក់ព័ន្ធទៅនឹងទំនាក់ទំនងជាដៃគូរវាងឥណ្ឌា និងសហរដ្ឋអាម៉េរិក ហើយថា ភាគីទាំងពីរកំពុងធ្វើការជាមួយគ្នាឆ្ពោះទៅរកយុទ្ធសាស្រ្តភាពជាដៃគូកាន់តែស៊ីជម្រៅ ៕ធ.ដ