បក្សឆ្វេងនិយមនឹងតែងតាំងបេក្ខភាពនាយករដ្ឋមន្រ្តី ក្រោយឈ្នះការបោះឆ្នោតសភាបារាំងជុំទី២
ប៉ារីស៖ មេដឹកនាំគណបក្ស Socialists លោក Olivier Faure បាននិយាយនៅថ្ងៃចន្ទនេះថា គណបក្សឆ្វេងនិយមបារាំង នឹងជ្រើសរើសបេក្ខជនសម្រាប់មុខតំណែងនាយករដ្ឋមន្ត្រី ពីក្នុងក្រុមចម្រុះ ដែលបានទទួលជ័យជម្នះរបស់ពួកគេក្នុងសប្តាហ៍នេះ។
គណបក្ស Socialists របស់លោក Faure គឺជាគណបក្សឆ្វេងនិយមមួយ ដែលបង្កើតបានជាសម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) រួមមាន Socialists, Greens, Communists និងគណបក្ស ឡាហ្វ្រង់អាំងស៊ូមី (La France Insoumise) ដែលជាបក្សឆ្វេងនិយមជ្រុលដឹកនាំដោយលោក ហ្សង់លុច មេឡុងសុង (Jean-Luc Mélenchon)។

សម្ព័ន្ធគណបក្សឆ្វេងនិយម The New Popular Front (NFP) បានឈ្នះអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតសភាបារាំងមុនអាណត្តិជុំទី២ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា ដោយបានផ្ដួលគណបក្សស្ដាំនិយមជ្រុល និងសម្ព័ន្ធគណបក្សរបស់លោកប្រធានាធិបតី ម៉ាក្រុង។
យោងតាមលទ្ធផលបោះឆ្នោត កាលពីថ្ងៃអាទិត្យម្សិលមិញ សម្ព័ន្ធគណបក្សឆ្វេងនិយមទទួលបាន ១៧៧អាសនៈ ដោយនាំមុខសម្ព័ន្ធគណបក្សរបស់លោក ម៉ាក្រុង ដែលទទួលបាន ១៤៨អាសនៈ ខណៈគណបក្សស្ដាំនិយមជ្រុល National Rally (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន ទទួលបាន១៤២អាសនៈ។
តាមរយៈលទ្ធផលបោះឆ្នោតនេះ គ្មានគណបក្សណាមួយដែលទទួលបានសំឡេងភាគច្រើនដាច់ខាត ក្នុងរដ្ឋសភាបារាំងដែលមានអាសនៈសរុប ៥៧៧នោះទេ។ ប៉ុន្តែ វាបានរុញច្រានបារាំងឱ្យធ្លាក់ចូលក្នុងស្ថានភាពនយោបាយមិនច្បាស់លាស់ ក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា